សារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍ថា មានការផ្ទុះដ៏ខ្លាំងមួយបានកើតឡើងនៅក្នុងរោងចក្រផលិតស្នោផ្លាស្ទិចមួយនៅក្នុងស្រុក Bang Phli ខេត្តសាមុតប្រាកាននៃប្រទេសថៃកាលពីព្រឹកថ្ងៃចន្ទ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១នាក់បានរងរបួស។
យោងតាមសារព័ត៌មាននេះបានឱ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅឯរោងចក្រគីមី Ming Dih ដែលមានឃ្លាំងប្រហែល ៥ ទៅ ៦កន្លែង ដោយមានផ្ទុកសារធាតុគីមីចំនួន ៥០តោន។
សារព័ត៌មានបាងកកប៉ុស្តិ៍បាននិយាយថា ការផ្ទុះនេះនាំឱ្យមានអគ្គិភ័យដ៏ធំមួយដែលបណ្តាលឱ្យខូចខាតទាំងរោងចក្រ និងអគារ និងផ្ទះនៅក្បែរនោះក្នុងចម្ងាយមួយគីឡូម៉ែត្រ (០.៦ម៉ាយល៍) ដោយយ៉ាងហោចណាស់មានមនុស្ស ២១នាក់បានរងរបួស។
អាជ្ញាធរមូលដ្ឋានក្នុងខេត្តសាមុតប្រាកានបានរាយការណ៍ថា បានបញ្ជាឱ្យជម្លៀសប្រជាជនចេញក្នុងចម្ងាយ ៥គីឡូម៉ែត្រពីរោងចក្រនោះ។ មូលហេតុនៃការផ្ទុះនៅមិនទាន់បានដឹងនៅឡើយទេ៕
ប្រភព៖ក្រសួងព័ត៌មាន