ឧបករណ៍តេស្តរហ័សជាង២ម៉ឺនសម្រាប់ កំពុងប្រើប្រាស់ក្នុងទីតាំងចំនួន៤នៅខេត្តបាត់ដំបង

285

MC៖ ឧបករណ៍តេស្តរហ័សជាង២ម៉ឺនសម្រាប់ កំពុងប្រើប្រាស់ក្នុងទីតាំងចំនួន៤នៅខេត្តបាត់ដំបង ដើម្បីធ្វើតេស្ត ឱ្យបានលឿន ទៅលើពលករមកពីប្រទសថៃ ។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ចំនួនពលករខ្មែរឆ្លងដែនមកពីប្រទេសថៃ ចូលមកស្រុកកំណើតវិញមានការកើនឡើង ហើយអត្រាអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក៏ត្រូវបានរកឃើញជាបន្ត បន្ទាប់។ ឯកឧត្តមបន្តថា ដើម្បីធានាដល់ការទប់ស្កាត់ ការនាំចូលវីរុសកូវីដ១៩ពីប្រទេសថៃ តាមរយៈពលករដែលវិលត្រឡប់មកកម្ពុជាវិញ រដ្ឋបាលខេត្ត បានដាក់ទីតាំងធ្វើសំណាកតាមរយៈឧបករណ៍តេស្តរហ័សនេះ មានចំនួន៤ទីតាំង ស្ថិតក្នុងស្រុកចំនួន៣ ដែលមានព្រំដែនជាប់ប្រទេសថៃ រួមមាន៖ ស្រុកកំរៀង ចំនួន២ទីតាំង ស្រុកភ្នំព្រឹក ១ទីតាំង និងស្រុកសំពៅលូន ១ទីតាំង។

«នៅចំពោះមុខនេះយើងទទួលបាន ឧបករណ៍តេស្តរហ័សដែលសម្តេចផ្តល់ជូន២ម៉ឺនសម្រាប់ ហើយឧបករណ៍តេស្ត នេះ ជាយុទ្ធសាស្រ្តមួយដ៏ល្អ ដែលកន្លងទៅមុននឹងមានការផ្តល់នេះ គឺយើងមានការ ខ្វះខាត។ អ៊ីចឹងឧបករណ៍តេស្ត នេះគឺយើងតម្រង់ទិសទៅព្រំដែន ហើយរាល់ថ្ងៃកំពុងតែអនុវត្ត ហើយសំខាន់បំផុតគឺយើងដឹងថាអ្នកណាមាន អ្នកណាអត់ ដោយកន្លងទៅយើងបានធ្វើតេស្តទៅជាបណ្តុំ អ៊ីចឹងមកដល់១០ យើងបានតេស្តតែ៣អីទេ ។ ហើយឥឡូវមានប្រសិទ្ធភាពត្រង់ថា យើងបានដឹងថាមានអ្នក មានវិជ្ជមានឬអវិជ្ជមាន អ៊ីចឹងកាលណាយើងដឹងអ្នកមាននិងអ្នកមិនមាន យើងមានភាពងាយស្រួល ក្នុងការគ្រប់គ្រង មានន័យថាអ្នកមាន វិជ្ជមានយើងយកគាត់ទៅព្យាបាល រីឯអ្នកមិនមានមេរោគ យើងយកគាត់ទៅធ្វើចត្តាឡីស័ក។ អ៊ីចឹងកត្តានេះ យើងធ្វើឱ្យទូលាយ ឱ្យទាន់ពេល គឺយើងក្រុងមេរោគនេះបានជាប់ ហើយវាមិនបែកធ្លាយទៅសហគមន៍ បន្តទៅទៀតទេ»។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ជាទីបំផុត នូវវិធានការរដ្ឋបាលខេត្ត និងវិធានការអនាម័យរបស់ក្រសួងសុខាភិបាល រួមទាំងវិធានការ ៣កុំនិង៣ការពារជាប់ជានិច្ច ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងមេរោគដ៏កាចសាហាវមួយនេះ ពីសហគមន៍មូលដ្ឋានរបស់យើង។ បើមានការសង្ស័យ ពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅណា ដែលមាន ការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូ វីដ-១៩ សូមចូលរួមសហការជាមួយមន្ត្រីជំនាញសុខាភិបាលធ្វើតេស្តរហ័ស ដើម្បីឱ្យដឹងថា តើមានជាប់ពាក់ព័ន្ធ ឬក៏ឆ្លងជំងឺកូវីដ-១៩នេះ ដែរឬទេ? ដើម្បីមានវិធានការទប់ស្កាត់បានទាន់ពេលវេលា។

សូមបញ្ជាក់ថា ចាប់តាំងពីមានការឆ្លងរីករាលដាលកូវីដ-១៩ មកដល់ថ្ងៃទី ០៥ ខែកក្កដា ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ-១៩ ចំនួន១២២៦នាក់ ជាស្បះស្បើយចំនួន៦៣នាក់ ករណីស្លាប់៩នាក់ ៕

ប្រភព៖ក្រសួងព័ត៌មាន