រដ្ឋបាលខេត្តកំពង់ចាមខិតខំកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩

276

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានខិតខំកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩ ដើម្បីធានាបានសុវត្ថិភាពសុខភាព របស់ប្រជាពលរដ្ឋពីការចម្លងជំងឺនេះឱ្យមកនៅកម្រិតទាប។

លោកស្រី សម ផល្លា អ្នកនាំពាក្យសាលាខេត្តកំពង់ចាម និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមបានមានប្រសាសន៍ប្រាប់វិទ្យុជាតិថា រដ្ឋបាលខេត្តកំពង់ចាមបានពង្រឹងវិធានការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ តាមរយៈវិធានការ បិទខ្ទប់ ការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹង តាមវិធានការរបស់ក្រសួងសុខាភិបាលនិងការ យកចិត្តទុកដាក់ថែទាំ និងព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យ ដើម្បីឱ្យអ្នកជាសះស្បើយ បានត្រឡប់ទៅផ្ទះវិញ។

លោកស្រីបានបញ្ជាក់ថា ក្នុងមួយថ្ងៃៗករណីឆ្លងជំងឺកូវីដ-១៩នៅខេត្តកំពង់ចាម មានតិចមានច្រើន ប៉ុន្តែអាជ្ញាធរ នៅតែអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

” រដ្ឋបាលខេត្តបានបិទខ្ទប់នៅតំបន់ដែលរកឃើញនៃការឆ្លងជំងឺកូវីដ-១៩ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ពីកន្លែងមួយទៅកន្លែងមួយ ។ទន្ទឹមនឹងនោះដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ឱ្យកាន់តែប្រសើរឡើង អាជ្ញាធរខេត្តកំពង់ចាម បានប្រើប្រាស់នូវឧបករណ៍ធ្វើតេស្តរហ័ស ដែល ការពារនៃការឆ្លងបានទាន់ពេលវេលា”។

លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងខេត្តកំពង់ចាមកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ គិតចាប់ពី ថ្ងៃទី២៩ខែមិថុនា រហូតដល់ ថ្ងៃទី៥ខែកក្កដាឆ្នាំ២០២១ នៅក្នុងក្រុងស្រុកចំនួន៥ស្មើនឹង ៣៣ទីតាំង បានចាក់ជូនប្រជាពលរដ្ឋ បានចំនួនសរុប ១៧១,១៧៧នាក់ គឺស្មើ នឹង ៥០.០២ភាគរយ នៃផែនការគ្រោងទុក៕

ប្រភព៖ក្រសួងព័ត៌មាន