ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ តាមរយៈ Video Conference ដើម្បីពិនិត្យ និង ពិភាក្សាលើរបៀបវារៈ ស្ដីពីការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធទប់ស្កាត់ ការឆ្លង រីករាលដាលជំងឺកូវីដ-១៩។
កិច្ចប្រជុំនោះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ ប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩(គ.ប.ក) ដោយបានពិនិត្យ ពិភាក្សា និងការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ ចំណុច របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ និងសេចក្ដីព្រាងគោលនយោបាយ ស្ដីពីតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រៀបចំដោយអនុគណៈកម្មការវាយតម្លៃ ផែនការ យុទ្ធសាស្រ្ត, សេចក្ដីព្រាងគោលការណ៍ណែនាំសម្រាប់ការ ប្រើប្រាស់តេស្ដរហ័សរកអង់ទី ហ្សែនកូវីដ-១៩ រៀបចំដោយ អនុគណៈកម្មការសេវាមន្ទីរពិសោធន៍។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពិសេស គឺការអនុវត្តយុទ្ធសាស្ដ្រទាំង៦ ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បន្តថា ការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជាកិច្ចការ ងារមួយក្នុងចំណោមយុទ្ធសាស្ត្រទាំង៦ ចំណុចរបស់សម្ដេចតេជោ ដែលយើងត្រូវ យកចិត្តទុកដាក់ ដើម្បីអនុវត្តន៍ឱ្យទទួលបានជោគជ័យ។ ក្រោយកិច្ចប្រជុំពិភាក្សា និងអនុម័តហើយ យើងនឹងធ្វើរបាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន។
ក្នុងនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យ មានការ ធ្វើចត្តាឡីស័កចំពោះអ្នកដែលមកពីខាងក្រៅប្រទេស គឺឱ្យពួកគាត់ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័ក និងបន្តឱ្យធ្វើចត្តាឡីស័កចំនួន៧ថ្ងៃទៀតនៅផ្ទះ ដើម្បី ឱ្យគ្រប់ចំនួន២១ថ្ងៃ។
បន្ថែមពីលើនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យអាជ្ញាធរ កងកម្លាំងមាន សមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ជុំវិញពីទីតាំងដែលមានហានិភ័យខ្ពស់នៃការឆ្លងរីករាល ដាលជំងឺ-១៩ ដូចជា ការជួបជុំផឹកស៊ីដែលមានមនុស្សច្រើន ទីតាំងក្លឹបកម្សាន្ត ខារ៉ាអូខេ ដែលត្រូវតែមានវិធានការឱ្យបានម៉ឺងម៉ាត់បំផុត៕
ប្រភព៖ក្រសួងព័ត៌មាន