ក្រុមការងាររបស់ JICA និងក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានចុះពិនិត្យប្រព័ន្ធលូក្រោមដីនៅតំបន់វត្តភ្នំ

308

ក្រុមការងារនៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ របស់ ចៃកា(JICA) និងក្រុមការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះពិនិត្យប្រព័ន្ធលូក្រោមដីនៅផ្លូវលេខ៤៧ នៅខាង ជើងវត្តភ្នំ និងពិនិត្យមើលការសាងសង់ស្ថានីយបូមទឹក នៅមុខ CDC ជាប់ដងទន្លេសាបស្ថិត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក H.Mea DA ទីប្រឹក្សាត្រួតពិនិត្យចៃការបស់ក្រុមហ៊ុន CTI បានឱ្យដឹងថា ការជីក លូខ្នាតធំក្រោមដីដែលមានទំហំធំគឺចាប់ពី៤ ទៅ៦ម៉ែត្រែនេះ ជាប្រព័ន្ធលូស្ថិតក្នុង គម្រោង ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤របស់ចៃកា ដោយចាប់ពីផ្លូវលេខ៤៧ ដល់វង្វង់មូលគួចកាណុង ពីវង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨៨ (ដាក់លូទំហំ១,៨ម៉ែត្រ) ផ្លូវលេខ៨៨ ចាប់ពីផ្លូវលេខ៤៧ ដល់ផ្លូវស៊ីសុវត្ថិ (ដាក់លូទំហំ២,៣០ម៉ែត្រ ), ផ្លូវលេខ៤៧ ពីវត្តភ្នំដល់ផ្លូវលេខ៨៨ ដាក់លូទំហំ១,៨ម៉ែត្រ រហូតមកដល់ស្ថានីយបូមទឹក នៅមុខCDC ជាប់ដងទន្លេសាប។ លោកបន្តថា ក្នុងគម្រោងនេះក៏មានការកសាងអាងស្តុបទឹកដែល មានទំហំ បណ្តោយ១៣៥ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកបាន ៦៥០០ម៉ែត្រគុប។

លោកបន្តទៀតថា ស្ថានីយបូមទឹកថ្មីនេះ ជាស្ថានីយបូមទឹកទី៦ ដែលមានសមត្ថភាព បូមទឹកបាន ១,៤ ម៉ែត្រគុប ក្នុង១វិនាទី ជាមួយការបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិចាប់សំរាម ផងដែរ។ គម្រោងនេះគ្រោងនឹងភ្ជាប់លូផ្សេងៗទៀតចូលមកប្រព័ន្ធលូមេថ្មីនេះ នៅក្នុងអំឡុង ខែតុលាខាងមុខនេះ។ ក្រោយបញ្ចប់គម្រោងនេះហើយ វាអាចរំដោះទឹកភ្លៀងចេញពីតំបន់ ផ្នែកខាងជើងវត្តភ្នំ និងខាងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វារ និងមួយផ្នែកខ្លះទៀត នៅខណ្ឌទួលគោក។

គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ របស់ចៃកានេះ មានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយ ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុក ទឹកក្រោមដី ស្ថានីយបូមទឹករបារត្រង់សំរាមមេកានិចស្វ័យប្រវត្តិ។ លោកបញ្ជាក់ថា ក្នុងនោះការសាងសង់ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំ ធ្វើឱ្យ ប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោកជាដើម។

សូមបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោម អធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ក្រសួងព័ត៌មាន