កាលពីថ្ងៃទី ៦ ខែកក្កដា អាជ្ញាធរហ្វីលីពីនបានប្រកាសថា ពួកគេបានរកឃើញប្រអប់ខ្មៅមួយរបស់យន្តហោះកងទ័ពអាកាសដែលបានធ្លាក់នៅលើកោះ Jolo ក្នុងខេត្ត Sulu កាលពី ២ថ្ងៃមុនដែលបានសម្លាប់មនុស្សជាង ៥០នាក់។
មេបញ្ជាការយោធា លោក Cirilito Sobejana បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អាកាសយានិកដែលមានបទពិសោធច្រើនឆ្នាំក្នុងការហោះហើរយន្តហោះប្រភេទ C-130 ក៏ស្ថិតនៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់នោះដែរ។
យន្តហោះយោធាប្រភេទ C-130 ដែលមានមនុស្សជាង ៩០នាក់នៅលើយន្ដហោះនោះបានចុះចតខុសផ្លូវរត់នៅលើកោះ Jolo ហើយបានធ្លាក់នៅក្នុងភូមិ Patikul ដែលនៅក្បែរនោះនៅវេលាម៉ោង ១១:៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) កាលពីថ្ងៃទី ៤ ខែកក្កដា។
ក្រុមទាហានដែលនៅលើយន្តហោះនោះទើបតែបញ្ចប់ការហ្វឹកហាត់យោធា ហើយត្រូវបាននាំយកទៅដាក់ពង្រាយនៅកោះភាគខាងត្បូងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
រដ្ឋមន្ត្រីការពារជាតិ លោក Delfil Lorenzana កាលពីថ្ងៃទី ៥ ខែកក្កដា បានស្នើសុំធ្វើការស៊ើបអង្កេតទៅលើករណីគ្រោះថ្នាក់នេះ។
នេះ គឺជាគ្រោះមហន្តរាយនៅលើអាកាសរបស់កងយោធាដ៏អាក្រក់បំផុតរបស់ប្រទេសហ្វីលីពីនក្នុងរយៈពេលប្រមាណ ៣០ឆ្នាំមកនេះ៕
ប្រភព៖ក្រសួងព័ត៌មាន