គណៈកម្មាធិការអាស៊ាននៅទីក្រុង Buenos Aires (ACBA) ដែលរួមមានប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន បានបរិច្ចាគសម្ភារៈចាំបាច់មួយចំនួនដល់ប្រជាជនក្រីក្រនៅក្នុងរដ្ឋធានីនៃប្រទេសអាហ្សង់ទីនដែលរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ-១៩ ។
កាលពីថ្ងៃទី ៥ ខែកក្កដា គណៈកម្មាធិការ ACBA បានប្រគល់អំណោយម្សៅទឹកដោះគោជាង ២០០កញ្ចប់ និងធញ្ញជាតិ ១០០គីឡូក្រាម រួមជាមួយគុយទាវ ម្សៅ ត្រីកំប៉ុង និងបន្លែកំប៉ុង ភួយ និងសម្លៀកបំពាក់សម្រាប់កុមារទៅអាជ្ញាធរនៅទីក្រុង Buenos Aires នៅស្ថានទូតវៀតណាម។
ឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Quoc Thanh បាននិយាយថា «នេះ គឺជាគំនិតផ្តួចផ្តើមមនុស្សធម៌ដើម្បីលើកកម្ពស់សាមគ្គីភាព និងមិត្តភាពរវាងអាស៊ាន និងប្រជាជនក្នុងទីក្រុងនេះ ជាពិសេសនៅពេលដែលជំងឺរាតត្បាតកំពុងបំផ្លាញដល់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រនៅអាហ្សង់ទីន»។
ជាលទ្ធផលនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ-១៩ អត្រាភាពក្រីក្ររបស់ប្រទេសអាហ្សង់ទីនឈានដល់ចំនួន ៤២ភាគរយ។ នៅទីក្រុង Buenos Aires ដែលជាទីក្រុងមានប្រជាជនច្រើនបំផុតនៅក្នុងប្រទេសនេះ អត្រាភាពក្រីក្រនេះធ្លាប់បានឈានដល់ចំនួន ៥១ភាគរយ ដែលជាអត្រាខ្ពស់បំផុតនៅទូទាំងប្រទេស។ កុមារ គឺជាអ្នកដែលរងគ្រោះខ្លាំងជាងគេដោយសារជំងឺរាតត្បាតនេះ ដោយមានចំនួន ៦២,៩ភាគរយនៃចំនួនសរុបមកពីគ្រួសារក្រីក្រ៕
ប្រភព៖ក្រសួងព័ត៌មាន