ប្រទេសរុស្ស៊ីបញ្ជាក់អំពីអាទិភាពសម្រាប់ទំនាក់ទំនងជាមួយអាស៊ាន

278

កាលពីថ្ងៃទី ៦ ខែកក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានបញ្ជាក់ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសឥណ្ឌូណេស៊ីថា ការអភិវឌ្ឍទំនាក់ទំនងជាមួយអាស៊ាន គឺស្ថិតក្នុងចំណោមអាទិភាពមួយក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ីឆ្ពោះទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ថ្លែងទៅកាន់កាសែតឥណ្ឌូណេស៊ី Rakyat Merdeka លោក Lavrov បាននិយាយថា ប្រទេសរុស្ស៊ីគាំទ្រជានិច្ចដល់ការពង្រឹងតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ប្រទេសរុស្ស៊ីនឹងគាំទ្រអាស៊ាននៅលើវេទិកាអន្តរជាតិ និងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពរបស់សមាគមអាស៊ាន ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាសន្តិសុខក្នុងតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកជាមួយដៃគូសន្ទនា។

លោករដ្ឋមន្ត្រីរុស្ស៊ីរូបនេះបាននិយាយថា ការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) នឹងបង្កើតសន្ទុះមួយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងរុស្ស៊ី – អាស៊ាន ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩ និងវិធានការណ៍រឹតបន្តឹងដែលពាក់ព័ន្ធនានា។

ទោះជាយ៉ាងណា និន្នាការកើនឡើងបានលេចចេញជាថ្មីនៅក្នុងឆ្នាំនេះ ដោយបង្ហាញជំនឿថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ EAEU នឹងអនុញ្ញាតឱ្យប្រទេសរុស្ស៊ី និងអាស៊ានធ្វើឱ្យវាកាន់តែមានភាពរឹងមាំឡើង។

សមាជិកអាស៊ានពីរ គឺប្រទេសវៀតណាម និងសិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EAEU ហើយប្រទេសឥណ្ឌូណេស៊ីក៏បានចាប់ផ្តើមធ្វើវាផងដែរ។

អ្នកការទូតកំពូលរបស់រុស្ស៊ីរូបនេះបានសម្តែងក្តីសង្ឃឹមថា សន្និសីទថ្នាក់រដ្ឋមន្ត្រីពិសេសរវាងរុស្ស៊ី និងអាស៊ាន ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកកិច្ចសន្ទនារវាងប្រទេសរុស្ស៊ី និងអាស៊ាន៕

ប្រភព៖ក្រសួងព័ត៌មាន