MC៖ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងធ្វើការជួសជុលផ្លូវនិងដាក់បណ្ដាញលូនៅតាមបណ្ដោយផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល ហៅផ្លូវ២០០៤ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា ។
ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងជួសជុលផ្លូវនឹងដាក់បណ្ដាញលូនៅតាមបណ្ដោយផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុលហៅ(ផ្លូវ២០០៤) និងការដាក់លូជាច្រើនខ្សែទៀត នៅទីតាំងនេះផងដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនិងការដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា កំណាត់ផ្លូវសម្ដេចចៅហ្វាវាំង គង់ សំអុល(ផ្លូវ២០០៤) ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពេលនេះបាននិងកំពុងធ្វើការជួសជុល ដោយចាក់បេតុងឆ្អឹងដែក កម្រាស់២តឹក ចាប់ពីផ្លូវលេខ២៧១ រហូតដល់អតីតបញ្ជរបង់ប្រាក់ មានប្រវែង២០៩ម៉ែត្រនិងទទឹង ពី ១៨ម៉ែត្រទៅ២០ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានខណ្ឌសែន សុខ ។ ជាមួយនឹងការជួសជុលកំណាត់ផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានការដាក់ប្រព័ន្ធលូ បង្ហូរទឹកទំហំ ១ម៉ែត្រសង្ខាងផ្លូវ ដាក់លូ កាត់ទទឹងផ្លូវ ទំហំ១ម៉ែត្រ២តឹក ចំនួន២ខ្សែ ដោយភ្ជាប់ទៅលូនៅផ្លូវ៣៧១ផងដែរ។
មន្ត្រីជំនាញបានបន្តឱ្យដឹងទៀតថា ក្រៅពីការងារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការកែលម្អប្រព័ន្ធលូចំណុចប្រសព្វផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល(ផ្លូវ២០០៤)កែងផ្លូវ៣៧១ ផងដែរ ដោយដាក់លូជ្រុងអក្សរ U ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅតំបន់នេះ ៕
ប្រភព៖ក្រសួងព័ត៌មាន