បុព្វបុរសខ្មែរ បានបន្សល់ទុកកេរ្តិ៍មរតកប្រាសាទថ្មបុរាណរាប់ពាន់ នៅស្ទើរពេញផ្ទៃប្រទេស ដោយក្នុងនោះសំណង់ប្រាសាទនីមួយៗសាងសង់ទ្បើងជានិម្មិត នៃឋានអាទិទេពតាមសាសនា និងមានបច្ចេកទេសស្ថាបត្យកម្ម និងវិស្វកម្មខ្ពស់។ ជាក់ស្តែងពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធទបង្ហូរទឹកចេញពីក្នុងប្រាសាទបុរាណទាំងអស់របស់ខ្មែរ យើងតែងឃើញមានទបង្ហូរទឹក ដែលភាគច្រើនប្រើក្បាលសត្វមករ។ តើហេតុអ្វីបានជាបុព្វបុរសយើងធ្វើទបង្ហូរទឹកចេញពីក្នុងប្រាសាទ ដោយប្រើក្បាលសត្វមករ?
បើតាមអ្នកជំនាញផ្នែកបុរាណវិទ្យាបានលើកឡើងថា មូលហេតុដែលបុព្វបុរសខ្មែរយើងធ្វើទបង្ហូរទឹកចេញពីក្នុងប្រាសាទ ដោយប្រើក្បាលសត្វមករគឺដោយសារតែសត្វមករគឺតំណាងឱ្យទន្លេគង្គា។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរាបានពន្យល់ថា ការយកក្បាលសត្វមករ ធ្វើទបង្ហូរទឹកចេញពីក្នុងប្រាសាទ គឺទី១ ជាទទឹកដែលបង្ហូរពីគភ៌គ្រឹះ ដែលមានតម្កល់ព្រះសិវៈលិង្គ ឬបដិមាទេពផ្សេងៗ ដែលព្រាហ្មណ៍បានធ្វើពិធី មានស្រោចទឹកមន្តបូជាព្រះ ហើយទឹកនោះហូរចេញមកក្រៅតាមទិសខាងជើងតាមទទឹក មករ ដែលគេហៅថា «សោមសូត្រ»។ ទី២ គឺជាប្រព័ន្ធបង្ហូរទឹក ពីក្នុងប្រាសាទមកក្រៅ ដើម្បីធានាសុវត្ថិភាព និងភាពរឹងមាំរបស់ប្រាសាទ ព្រោះថាបើពុំមានការរៀបចំប្រព័ន្ធបង្ហូរទឹកល្អទេនោះ វានឹងធ្វើឱ្យគ្រឹះប្រាសាទប្រឈមនឹងបញ្ហាផ្សេងៗ ហើយក៏ជាផ្នែកមួយនៃបច្ចេកទេសរបស់អ្នកសាងសង់ប្រាសាទផងដែរ។ លោកសាស្រ្ដាចារ្យបានបន្ដថា “នេះជាចំណុចសំខាន់របស់អ្នកអភិរក្ស និងជួសជុលប្រាសាទ ដែលត្រូវគិតគូរមុនគេ ពីបញ្ហាបណ្ដាញបង្ហូរទឹកក្នុងប្រាសាទនេះ”។
លោកសាស្រ្ដាចារ្យបានបញ្ជាក់ថា បច្ចុប្បន្ននេះ ទបង្ហូរទឹកចេញពីប្រាសាទ ដែលឃើញនៅមានរូបរាងនៅស្អាតៗ គឺមានដូចជានៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទបាគង និងប្រាសាទប្រែរូបជាដើម។
បើតាមលោក អ៊ឹម សុខរិទ្ធី គឺមានរឿងតំណាលថា សត្វមករ គឺកើតចេញពីសក់ខ្មៅ ១ សសៃរបស់ព្រះនាងគង្គា ដែលបានធ្លាក់មកលើផែនដី កើតបានជាមករ ពេលមករកើតមក វាបានលេបសត្វ និងទេព ទាំងឡាយនៅលើផែនដី រហូតដល់ព្រះសិវៈចុះមកបង្ក្រាប ហើយទើបបង្គាប់មករ ខ្ជាក់សត្វ និងទេពនិករទាំងឡាយចេញមកវិញ ដោយក្នុងនោះនៅក្នុងសិល្បៈខ្មែរ ឃើញមានរូបមករខ្ជាក់នាគ ខ្ជាក់គ្រុឌ ខ្ជាក់គោ។ ចំណែកសិល្បៈឥណ្ឌូណេស៊ី និងឡានណានៅភាគខាងជើងថៃ ឃើញមានរូបមករខ្ជាក់ទេពប្រណម្យទៀត។
សូមបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ ចម្លាក់សត្វមករ ត្រូវបានគេប្រទះឃើញនៅភ្នំគូលេន អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបកស្រាយថា មករដែលមានចម្លាក់ក្បាល ត្រូវបានរៀបចំជាទ នៅផ្នែកខាងក្រោយជាដងខ្លួន ត្រូវបានរៀបចំជាទប្រមូលទឹកហូរពីភ្នំគូលែន បញ្ចេញមកក្រោម។ ចំពោះទឹកដែលហូរចេញពីក្បាលមករ ហូរធ្លាក់ចូលអូរថ្មដាប់ រួចហូរចូលកសិន្ធុខាងជើងប្រាសាទបេងមាលា ហើយបន្តហូរចាក់ទៅក្នុងសំណង់រក្សាទឹកដ៏ធំមួយ ដែលអ្នកភូមិហៅថា «វាល» នៅខាងកើត ដែលមានទំហំធំប្រៀបដូចបារាយណ៍នៅក្នុងតំបន់អង្គរ ដែលនៅទីនោះមានប្រាសាទមួយទើបនឹងជួសជុលរួច គឺ ប្រាសាទផ្ទី៕
ប្រភព៖ក្រសួងព័ត៌មាន