ស្ថិតក្នុងបរិបទ នៃការរីកចម្រើនរបស់បណ្តាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ននេះ គេបានសង្កេតឃើញថា ទាំងថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទូទៅបានប្រើប្រាស់បណ្តាញសង្គមនេះ ដើម្បីសម្រួលដល់ការងារ អាជីវកម្ម ផ្សព្វផ្សាយព័ត៌មាន ទំនាក់ទំនងរវាងមិត្តភក្តិ ក្រុមគ្រួសារ ជាពិសេសការងារសម្បត្តិវប្បធម៌ក្នុងរយៈពេលចុងក្រោយនេះ។
ជាក់ស្តែងនៅបណ្តាញសង្គមហ្វេសបុកថ្ងៃទី៧ខែកក្កដានេះ សម្តេចពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ព្រមទាំងប្រជាពលរដ្ឋកម្ពុជា អ្នកលេងបណ្តាញទំនាក់ទំនងសង្គមជាច្រើនបានបង្ហោះសារអបអរសាទរខួបនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ។
សម្តេចពញាចក្រីហេងសំរិន បានលើកឡើងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ជាខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ សម្តេច បានបង្ហាញអារម្មណ៍ចងចាំ និងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតន កោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបាន បំពេញ ព្រះរាជកិច្ចទាមទារយុត្តិធម៌នៅតុលាការ យុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលបាន កាត់ក្តី ឱ្យកម្ពុជាឈ្នះប្រទេសថៃក្នុងការគ្រប់គ្រងប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់កម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
សម្តេចប្រធានរដ្ឋសភាបញ្ជាក់ថា «យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះអតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរយើង ដែលបាន សាងសង់ប្រាសាទព្រះវិហារ និងប្រាសាទបុរាណដទៃទៀតជាច្រើននៅពាសពេញប្រទេសទុកឱ្យកូនចៅរហូតសព្វថ្ងៃនេះធ្វើឱ្យអន្តរជាតិស្ញប់ស្ញែង ចំពោះពូជសាសន៍របស់យើងជាទីបំផុត » ។
ចំណែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ បានបង្ហោះសារអបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា ថ្ងៃទី៧ខែកក្កដានេះគឺជាខួបលើកទី១៣ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២១)។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយ ឈ្នះក្តី លើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។
សម្តេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សូមចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់។
ក្រៅពីថ្នាក់ដឹកនាំកំពូលៗ គេក៏សង្កេតឃើញប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស និងអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះសារអបអរសាទរខួបនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះយ៉ាងច្រើនផុសផុលផងដែរ ដែលនេះបង្ហាញពីការស្រលាញ់ចូលរួមថែរក្សាសម្បត្តិវប្បធម៌ដែលបន្សល់ពីដូនតាខ្មែរយើងដែរ។
ទៅមិនឆ្ងាយពីរឿងសម្បត្តិវប្បធម៌ខ្មែរនេះដែរ គេក៏ឃើញប្រជាជនកម្ពុជាយ៉ាងច្រើនបានប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ហើយការចែកចាយតៗគ្នាដោយប្រតិកម្មយ៉ាងខ្លាំងទៅលើប្រទេសជិត ខាងយើងមួយដែលបានកសាងប្រាសាទរបស់គេ ដែលអ្នកលេងបណ្តាញសង្គមចោទថា ប្រទេស នេះ បានលួចចម្លងនូវរចនាបថពីប្រាសាទអង្គរវត្តរបស់ខ្មែរ។
ដោយឃើញមានការព្រួយបារម្មណ៍ពីមហាជនបែបនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានបើកការស្រាវជ្រាវ សហការជាមួយអ្នកពាក់ព័ន្ធឈានដល់សេចក្តីប្រកាសជាផ្លូវការមួយ បំភ្លឺលើករណីនេះ។
សេចក្តីបំភ្លឺនោះ បានបញ្ជាក់ថា ការសាងសង់ប្រាសាទ នៅប្រទេសថៃ មិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។
សំណង់ប្រាសាទនេះជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ុង ស្រុកណាងរឹង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។
ក្រុមអ្នកតាមដានផ្នែកវប្បធម៌ និងសង្គមបានចាត់ទុកថា បើគ្មានបណ្តាញទំនាក់ទំនង និងប្រពន្ធផ្សព្វផ្សាយសង្គមរីកចម្រើនដូចសព្វថ្ងៃនេះទេប្រហែលប្រជាជនខ្មែរមួយចំនួនមិនដឹងថា ការផ្សព្វផ្សាយពីព្រឹត្តិការណ៍ថ្ងៃទី៧ខែកក្កដានេះ ជាថ្ងៃខួប១៣ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូនោះឡើយ។មួយវិញទៀតប្រជាជនខ្មែរភាគច្រើន ក៏ប្រហែលជាមិនសូវបានដឹងពីព័ត៌មានដែលថៃកំពុងសាងសង់ប្រាសាទ ដែលអ្នកលេងហ្វេសបុកចោទថា ថៃលួចចម្លងពីប្រាសាទអង្គវត្តខ្មែរនោះដែរ។សរុបសេចក្តីទៅបណ្តាញសង្គម ហ្វេសបុក តេលេក្រាម វេបផ្សាយ វីឆាតជាដើមនោះបានក្លាយជាឧបរណ៍ដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយព័ត៌មាន ជំរុញលើកទឹកចិត្តឱ្យកូនខ្មែរបានបង្ហាញពីយកចិត្តទុកដាក់ ការពារ លើកតម្កើងកិត្យានុភាព អត្តសញ្ញាណជាតិ ព្រមទាំងសិល្បៈវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរប្រកបដោយសេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់។ ដូច្នេះបណ្តាញទំនាក់ទំនងសង្គមពិតបានបំផុសស្មារតីកូនខ្មែរកាន់តែច្រើនឱ្យស្គាល់ និងចងចាំនូវសម្បតិ្តវប្បធម៌ជាតិយើង៕
ប្រភព៖ក្រសួងព័ត៌មាន