សៀរាប៖ អ្នកជំនាញចិញ្ចឹមកង្កែបបានឱ្យដឹងថា ការចិញ្ចឹមកង្កែបតាមបច្ចេកទេសត្រឹមត្រូវគឺឆាប់ទទួលបានផលនិងចំណាយតិច ដែលជួយឱ្យកសិករអ្នកចិញ្ចឹមទទួលបានផលចំណេះច្រើន។
លោកថង ធន កសិករចិញ្ចឹមកង្កែប រស់នៅឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកចាប់ផ្តើមមុខរបរចិញ្ចឹមសត្វកង្កែបលក់ រយៈពេលប្រមាណ៣ឆ្នាំមកហើយ ដោយសារមុខរបរនេះ អាចរកប្រាក់ចំណូលបានគួរសម ដោយជាមធ្យមក្នុងមួយឆ្នាំលោកអាចទទួលបានប្រាក់ចំណេញប្រមាណ១ម៉ឺនដុល្លារ ដើម្បីផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារបាន។
លោកបន្តថា មុខរបរចិញ្ចឹមកង្កែប មិនសូវជាមានភាពហត់នឿយប៉ុន្មានឡើយ ចំណាយពេលវេលាខ្លីអាចទទួលបានផលមកវិញ។ ប៉ុន្តែកសិករ ត្រូវស្វែងយល់ពីវិធីសាស្ត្រ បច្ចេកទេសនិងវិធីសាស្រ្តចិញ្ចឹមឱ្យបានត្រឹមត្រូវ ដូចជាការជ្រើសរើសពូជ ចំណី និងវិធីសាស្រ្តចិញ្ចឹមនៅក្នុងតង់ ពីព្រោះចំណាយដើមទុនតិច ងាយស្រួលថែទាំ លាងសំអាត ធ្វើឱ្យកង្កែបរីកលូតលាស់ល្អ។
”ការចិញ្ចឹមលើដី ចិញ្ចឹមក្នុងស្រះ ក្នុងអាងស៊ីម៉ង់ ឬចិញ្ចឹមក្នុងតង់ យើងបានសាកអស់ហើយ ការប្រមូលផលបានខុសៗគ្នា តាមបែបបច្ចេកទេសយើងចិញ្ចឹមក្នុងតង់ បានទិន្នផលខ្ពស់ ហើយចំណាយតិច សម្រាប់អ្នកចិញ្ចឹមដំបូងខ្ញុំណែនាំឱ្យគាត់ចិញ្ចឹមក្នុងតង់ ពីព្រោះតង់៤គុណ៦ទិញពីផ្សារតម្លៃតែ៦៥០០០រៀលទេ ទំហំប៉ុណ្ណឹងយើងអាចដាក់កូនកង្កែបបាន២០០០កូន យើងទិញកូនតម្លៃមួយ ពីររយរៀល យើងចិញ្ចឹមតែ២០ថ្ងៃជាងទៅមួយខែ យើងអាចលក់បាន ១០មួយគីឡូ ក្នុងកង្កែបមួយតង់ហ្នឹងគាត់អាចលក់បានចន្លោះពី១៥០គីឡូទៅ១៨០គីឡូ ផាត់ថ្លៃទិញកូនកង្កែបអស់២០ម៉ឺន ថ្លៃចំណីអស់ពី៣០ម៉ឺនទៅ៤០ម៉ឺន អ៊ីចឹងគាត់អាចចំណេញបាន២០ម៉ឺនយ៉ាងងាយ”។
សូមបញ្ជាក់ថា ទោះបីឆ្នាំ ២០២១នេះ កម្ពុជាកំពុងស្ថិតក្នុងវិបត្តិនៃការឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមុខរបរចិញ្ចឹមកង្កែបលក់ មិនមានភាពរាំងស្ទះក្នុងការលក់ចេញឡើយ ព្រោះក្នុងមួយខែ កសិកររូបនេះអាចលក់ចេញកូនកង្កែបបានចន្លោះពី២ម៉ឺន ទៅ៥ម៉ឺនកូនកង្កែប ដោយការលក់ចេញមានតម្លៃសមរម្យ ចាប់ពី២០០រៀលរហូត ដល់៥០០រៀល៕
ប្រភព៖ក្រសួងព័ត៌មាន