តំណាងរាស្ត្រខេត្តប៉ៃលិនជំរុញឱ្យមន្ត្រីរជំនាញដោះ ស្រាយបញ្ហាសត្វល្អិតចង្រៃបំផ្លាញដំណាំដំឡូងមីរបស់ប្រជាកសិករ

408

ប៉ៃលិន ៖ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យចម្ការដំឡូងមីរបស់ប្រជាកសិករ ដែលរងការខូចខាតដោយ សារសត្វល្អិតចង្រៃស៊ីបំផ្លាញ និងចែកថ្នាំកសិកម្ម នៅភូមិអូរខ្ទីង និងភូមិអូរប្រើស ស្ថិតក្នុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តម សៅ សារ៉ាត់ មាន ប្រសាសន៍ថា ក្រោយទទួលដំណឹងថា មានសត្វល្អិតចង្រៃ បំផ្លាញដំណាំដំឡូងមីរបស់ប្រជាពលរដ្ឋនៅសង្កាត់អូរតា វ៉ៅដែលមានបរិមាណច្រើនហិកតា ឯកឧត្តម និងមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលដល់ទីតាំងចម្ការជាក់ស្តែង ហើយសង្កេតឃើញថា មានការខូចខាតហួសពីការស្មានរហូតដល់ ១៨០ហិកតា លើផ្ទៃដីដាំដុះដំឡូងសរុប ៤០០ ហិកតា គ្រាន់តែក្នុងភូមិ សាស្ត្រ ភូមិអូរខ្ទីង និងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅតែ ប៉ុណ្ណោះ។

ឯកឧត្តមអ្នកតំណាងរាស្ត្រ ក៏បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាជួយរកដំណោះស្រាយជូនបងប្អូនប្រជាកសិករយើងឱ្យបានទាន់ពេលវេលា ដោយត្រូវផ្តល់ជាបច្ចេកទេស និងជីកសិកម្ម ឬថ្នាំសម្លាប់សត្វល្អិតជាដើម។

លោក ផាន សុផាន់ណារ៉ា ប្រធានការិយាល័យក្សេត្រ សាស្ត្រ នៃមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យកើតមានសត្វល្អិតចង្រៃ ដូចជាសត្វចៃពីងពាងក្រហម និងសត្វចៃពណ៌សស៊ីបំផ្លាញដំណាំដំឡូងមីនេះ គឺបណ្តាលមកពីអាកាសធាតុក្តៅ ភាពរាំងស្ងួតអូសបន្លាយរយៈពេលយូរ ដូច្នេះបងប្អូនត្រូវតែប្រញាប់បាញ់ថ្នាំដើម្បីកម្ចាត់វាជា បន្ទាន់ បន្ទាប់មកយើងប្រើជី ដើម្បីបំប៉នដំណាំដំឡូងមីរបស់យើងឱ្យលូតលាស់ល្អឡើងវិញ តែនោះវាអាស្រ័យលើទឹកភ្លៀងផងដែរ៕

ប្រភព៖ក្រសួងព័ត៌មាន