សៀមរាប៖នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យខេត្ដសៀមរាប បានដំណើរការក្នុងការយកសំណាកលើកទី២ លើអាជីវករនៅផ្សារលើធំថ្មី ខេត្ដសៀមរាប ដើម្បីធ្វើតេស្ដរកមេរោគកូវីដ-១៩ ខណ:ដែលផ្សារនេះត្រូវបានបន្ដបិទជាបណ្ដោះអាសន្នចំនួន ២សប្ដាហ៍ទៀត ដោយសារស្ថានភាពជំងឺកូវីដ-១៩ មិនទាន់មានភាពធូរស្រាល។
បើតាមលោក បូ មេងទ្រី អភិបាលរងក្រុងសៀមរាប បានឲ្យដឹងថា ការយកសំណាកប្រជាពលរដ្ឋ និងអាជីវករផ្សរលើធំថ្មីនេះ ជាលើកទី២ហើយ ដោយកាលពីលើកទី១ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កន្លងមក ដោយមានអាជីវករជាង១,៣០០នាក់ បានផ្ដល់សំណាក និងបានរកឃើញវិជ្ជមានជាង១៤០នាក់ កាលពីលើកទី១។ សម្រាប់នៅថ្ងៃទី០៧ ខែកក្កដានេះ ក្រុមគ្រូពេទ្យបន្ដយកសំណាកលើកទី២ទៀត ដើម្បីធ្វើតេស្ដរកមេរោគកូវី-១៩ ដោយលទ្ធផលរកឃើញចំនួន ៦នាក់ទៀត ក្នុងចំណោមអាជីវករចំនួន ២៣៤នាក់។ ក្នុងនោះក្រុមគ្រូពេទ្យក៏នឹងបន្ដយកសំណាកពីអាជីវករទៀត ព្រោះថា នៅមានអាជីវករច្រើនរយនាក់ទៀតនៅផ្សារលើធំថ្មីនេះ មិនទាន់បានផ្ដល់សំណាកលើកទី២ នៅឡើយទេ ដោយរងចាំដល់វេន ពោលក្នុងរយយ:ពេលចំនួន ១៤ថ្ងៃ។
លោកអភិបាលរងក្រុង ក៏សូមអំពាវដល់ប្រជាពលរដ្ឋ និងអាជីវករដែលមានជាប់ពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារលើធំថ្មី កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងមក ត្រូវយកសំណាកធ្វើតេស្ដលើកទី ២បន្ថែមទៀត ដើម្បីអាជ្ញាធរងាយស្រួលគ្រប់គ្រង និងតាមដានការរីករាលដាលនៃជំងឺកូវីដ-១៩។
គួរកត់សម្គាល់ដែរថា កាលពីពេលថ្មីកន្លងទៅនេះ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប បានឲ្យដឹងថា ក្នុងផ្សារលើធំថ្មីអ្នកវិជ្ជមានកូវីដ-១៩ មានខ្លះជាអ្នកលក់ចាប់ហួយ អ្នកដើរទារលុយផាស៊ី អ្នកមើលថែបន្ទប់ទឹកក្នុងផ្សារ និងជាអ្នកដេរស្បែងជើងនៅខាងមុខផ្សារនេះផងដែរ ដោយអាចមានអ្នកពាក់ព័ន្ធប្រមាណជាង៤០០នាក់ឯណោះ ព្រោះអ្នកមានវិជ្ជជំងឺកូវីដ-១៩ បានដើរឆ្លងកាត់ទីតាំងជាច្រើនទៀត ដូចជាដើរសំអាតអនាម័យផង ដើរទារផាស៊ីផងដែរ៕
ប្រភព៖ក្រសួងព័ត៌មាន