យោងតាមការស្ទង់មតិកាលពីពេលថ្មីៗនេះដែលធ្វើឡើងដោយធនាគារ Standard Chartered បានឱ្យដឹងថា ប្រទេសវៀតណាម ម៉ាឡេស៊ី និងថៃ គឺជាទិសដៅពង្រីកការវិនិយោគដ៏ទាក់ទាញបំផុតសម្រាប់បណ្តាក្រុមហ៊ុនរបស់អឺរ៉ុប។
ការស្ទង់មតិនេះបាននិយាយថា ៨៨ភាគរយនៃអ្នកឆ្លើយតបបានរំពឹងទុកថា អាជីវកម្មនឹងកើនឡើងក្នុងរយៈពេល ១២ខែទៀតដោយផ្អែកទៅលើកត្តាជំរុញ ដូចជាទីផ្សារអ្នកប្រើប្រាស់កើនឡើង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងមូលដ្ឋានផ្គត់ផ្គង់ដែលអាចទុកចិត្តបាន។
បើនិយាយអំពីទីផ្សារគោលដៅនៅក្នុងតំបន់អាស៊ាន ៦០ភាគរយនៃអ្នកឆ្លើយសំណួរនៃការស្ទង់មតិកំពុងផ្តោតទៅលើការពង្រីកទីផ្សារនៅក្នុងប្រទេសវៀតណាម ដើម្បីចាប់យកឱកាសលក់ និងផលិត បន្ទាប់មកគឺប្រទេសម៉ាឡេស៊ី (៥៣ភាគរយ) និងប្រទេសថៃ (៤៨ភាគរយ)។
ការស្ទង់មតិនេះបាននិយាយថា ច្រករបៀងរវាងអ៊ឺរ៉ុប – អេស៊ាន អាចជួយឱ្យមានកំណើននៅក្នុងវិស័យដែលមានសក្តានុពលខ្ពស់ចំនួនប្រាំមួយ ដែលរួមមានវិស័យផលិតកម្មឱសថ ការប្រើប្រាស់ទំនិញប្រើប្រាស់ ឧស្សាហកម្មរថយន្ត ដំណោះស្រាយបៃតង និងឌីជីថល ថាមពលកកើតឡើងវិញ និងថាមពលស្អាត ព្រមទាំងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច។
លោក Robert Newell នាយកគ្រប់គ្រងផ្នែកសាជីវកម្មសកលលោកនៅអឺរ៉ុបនៃធនាគារ Standard Chartered បាននិយាយថា ទីផ្សារអាស៊ានបន្តផ្តល់នូវឱកាសដ៏ធំធេងសម្រាប់បណ្តាក្រុមហ៊ុនរបស់អឺរ៉ុប ទាំងក្រុមហ៊ុនដែលកំពុងសម្លឹងមើលពីការធ្វើពិពិធកម្ម និងពង្រីកសកម្មភាពវិនិយោគ និងពាណិជ្ជកម្មរបស់ពួកគេ និងក្រុមហ៊ុនដែលបានដឹងច្បាស់នូវភាពស៊ីជម្រៅនៃជំនាញបច្ចេកទេស និងមូលដ្ឋានអ្នកប្រើប្រាស់សំខាន់ៗនៅទូទាំងទីផ្សារផងដែរ។
កត្តាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែត្រូវបានរក្សា ទោះបីជាមានផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។
ការិយាល័យស្ថិតិទូទៅរបស់ប្រទេសនេះបានប្រកាសថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើង ៥,៦៤ភាគរយក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២១ ៕
ប្រភព៖ក្រសួងព័ត៌មាន