ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្្យក្រសួងបរិស្ថាន លើកឡើងថា បច្ចុប្បន្ន សត្វកែះកំពុងប្រឈមមុខនឹង ការបាត់បង់ពូជ ដោយសារការបរបាញ់ ការដាក់អន្ទាក់និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឲ្យសត្វនេះ រងគ្រោះខ្លាំង ដោយសារតែ ការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹង ក្នុងការជួញដូរដោយសារតែជំនឿ។
ឯកឧត្តម បានពន្យល់ថា សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ ជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធទី១ របស់អនុសញ្ញាសាយតេស។ ឯកឧត្តម បានឲ្យដឹងថា ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួង បរិស្ថាន បានរកឃើញវត្តមានសត្វនេះនៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ស្ថិតក្នុងក្របខណ្ឌ នៃការសិក្សាចងក្រងទិន្នន័យប្រភេទសត្វកម្រៗនៅកម្ពុជា។ តែទោះជាយ៉ាងនេះក្តី គេមិនទាន់មានទិន្នន័យពិតប្រាកដថា មានសត្វនេះ ប៉ុន្មានក្បាលរស់នៅក្នុងប្រទេសកម្ពុជាទេ ខណៈពួកវាមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុត ដោយសារតែជាសត្វកម្រ។
យោងតាមការសិក្សា សត្វកែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើងៗ វាមានដងខ្លួនខ្លី ហើយជើងទាំង៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះ មានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូកក្បាល រហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។
តាមការសិក្សាចំពោះជីវសាស្ត្រវិញ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិ ថ្នាក់ក្រោមច្រើន។ កែះមានជើងយ៉ាងចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ និងចូលចិត្តយករូងភ្នំរាក់ៗ ធ្វើជា ទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមានវាដោយសារគំនរលាមក។
ដោយសារតែកែះជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ ដូច្នេះគេកម្រនឹងជួបប្រទះ វាណាស់។ រដូវបន្តពូជសត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ៧ខែ។ កូនរស់នៅជាមួយមេវាស្ទើរពេញមួយឆ្នាំ ទើបចាកចេញ៕
ប្រភព៖ក្រសួងព័ត៌មាន