ប្រទេសអាហ្វហ្គានីស្ថានកំពុងមើលឃើញនូវការកើនឡើងនូវអំពើហឹង្សានៅពេលដែលកងទ័ពអន្តរជាតិកំពុងត្រូវបានដកចេញពីប្រទេសនេះជាបណ្តើរៗ។ ការចាកចេញរបស់កម្លាំងយោធា គឺជាចំណុចមួយនៅក្នុងកិច្ចព្រមព្រៀងដែលក្រុមតាលីបង់ និងសហរដ្ឋអាមេរិកសមេ្រចបាននៅទីក្រុងដូហាកាលពីខែកុម្ភៈឆ្នាំមុន។
អ្នកតំណាងនៃក្រសួងការបរទេសរបស់ប្រទេសអាហ្វហ្គានីស្ថានបានប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃពុធថា រដ្ឋាភិបាលនៃប្រទេសអាហ្វហ្គានីស្ថានកំពុងអំពាវនាវដល់មហាអំណាចក្នុងតំបន់ឱ្យដាក់សម្ពាធៅលើពួកតាលីបង់ដើម្បីបញ្ចប់អំពើហិង្សា និងបើកផ្លូវសម្រាប់កិច្ចចរចាសន្តិភាពប្រកបដោយសន្តិភាព។
លោក Gran Hewad បាននិយាយថា «យើងអំពាវនាវដល់បណ្តាប្រទេសក្នុងតំបន់រួមគ្នាចាត់វិធានការគ្រប់ជ្រុងជ្រោយដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងយុទ្ធជនបរទេសនៅក្នុងប្រទេសអាហ្គានីស្ថាន និងនៅទូទាំងតំបន់»។
អ្នកការទូតរូបនេះបាននិយាយបន្តថា ដើម្បីទទួលបានសន្តិភាពនៅក្នុងប្រទេសនេះ សហគមន៍អន្តរជាតិគួរតែដាក់សម្ពាធទៅលើពួកតាលីបង់ឱ្យធ្វើសេចក្តីសម្រេចនយោបាយដើម្បីបញ្ចប់អំពើហឹង្សា និងចូលរួមកិច្ចសន្ទនាប្រកបដោយការស្ថាបនាជាមួយទីក្រុងកាប៊ុល។
លោក Hewad បាននិយាយបន្ថែមថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីធានាថា វិធានការត្រូវបានធ្វើឡើងដើម្បីធានាសុវត្ថិភាពដល់បុគ្គលិកការទូតបរទេស។
លោកបាននិយាយថា «រដ្ឋាភិបាលនៃប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងក្របខ័ណ្ឌនៃអនុសញ្ញា និងច្បាប់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិស្តីពីការការពារអ្នកការទូត ត្រូវទទួលខុសត្រូវចំពោះការធានាសន្តិសុខនៃបេសកកម្មការទូត និងអ្នកការទូតដោយខ្លួនឯង។ ហើយសម្រាប់គោលបំណងនេះ រដ្ឋាភិបាលបានត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការណាមួយ ចាត់វិធានការចាំបាច់នានា»។
សហរដ្ឋអាមេរិក និងអង្គការណាតូ បានចាប់ផ្តើមដកកម្លាំងរបស់ខ្លួនចេញពីប្រទេសនេះកាលពីខែឧសភា។ រឿងនេះកើតឡើងជាងមួយឆ្នាំបន្ទាប់ពីក្រុងវ៉ាស៊ីនតោន និងពួកតាលីបានឈានដល់ការសម្រចបាននូវកិច្ចព្រមព្រៀងមួយដែលក្នុងនោះការចាកចេញរបស់កងទ័ពបរទេស គឺជាលក្ខខណ្ឌមួយ៕
ប្រភព៖ក្រសួងព័ត៌មាន