ជប៉ុនប្រកាសអាសន្នពីកូវីដ-១៩ នៅទីក្រុងតូក្យូខណៈដែលគេកំពុងពិចារណាលើអ្នកចូលរួមទស្សនាព្រឹត្តិការណ៏កីឡាអូឡាំពិក

306

អន្តរជាតិ៖ រដ្ឋមន្រ្តីមួយរូបនៃ ប្រទេសជប៉ុន បាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះប្រទេសជប៉ុននឹងប្រកាស ពីភាពអាសន្ន សម្រាប់ទីក្រុងតូក្យូរហូតដល់ថ្ងៃទី ២២ ខែសីហាដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ខណៈដែលអ្នករៀបចំព្រឹត្តិការណ៏កីឡាអូឡាំពិកកំពុងពិចារណាហាមឃាត់អ្នកទស្សនាទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា នេះ។ ទីប្រឹក្សាវេជ្ជសាស្រ្តរបស់រដ្ឋាភិបាលជប៉ុនបាននិយាយថាបើមិនមានអ្នកទស្សនានៅក្នុងព្រឹត្តិការណ៍កីឡានេះ វានឹងក្លាយជាជម្រើសដែលមានគ្រោះថ្នាក់តិច បំផុត ហើយគេក៏ព្រួយបារម្ភអំពី អត្តពលិកនិងមន្រ្តីរាប់ពាន់នាក់ដែលអាចជំរុញឱ្យមានការឆ្លង។អ្នករៀបចំកម្មវិធីក៏បានហាមឃាត់មិនឱ្យអ្នកក្រៅប្រទេសចូលរួមទស្សនានោះទេ ។ឥឡូវនេះគេបានដាក់កម្រិតលើអ្នកទស្សនាក្នុងស្រុកត្រឹមតែ ១០.០០០ នាក់ ហើយកិច្ចពិភាក្សា ដើម្បីបញ្ចប់ការរឹតត្បិតលើអ្នកទស្សនាត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ឬថ្ងៃសុក្រនេះ។ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នឹងទៅដល់ទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះដើម្បីពិភាក្សាអំពីការរៀបចំជាលើកចុងក្រោយ។លោក Yasutoshi Nishimura រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបាន និយាយថាការប្រកាសអាសន្ន នៅក្នុងទីក្រុងតូក្យូនឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែកក្កដាបន្ទាប់ពីការឆ្លងប្រចាំថ្ងៃបានកើនឡើងដល់ ៩២០ ករណីនៅថ្ងៃពុធដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែឧសភាមក។ការប្រកួតកីឡាអូឡាំពិកគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហា៕

ប្រភព៖ក្រសួងព័ត៌មាន