អាជ្ញាធរថៃស្នើឱ្យមានវិធាន ការតឹងតែងនៅពេលដែលការស្លាប់ដោយជំងឺកូវីដ-១៩ មានការកើនឡើង

294

អន្តរជាតិ៖ក្រសួងសុខាភិបាលប្រទេសថៃបាននិយាយថាខ្លួនបានស្នើឱ្យមានការរឹតបន្តឹងកាន់តែខ្លាំងនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីទប់ ស្កាត់វីរុសកូវីដ-១៩ ក្នុងពេលដែលប្រទេសនេះបានរាយ ការណ៍ពីការស្លាប់ប្រចាំថ្ងៃចំនួន ៧៥ នាក់។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា។

នាយករដ្ឋមន្រ្តីលោក Prayuth Chan-ocha គ្រោងនឹងពិចារណាលើការរឹតបន្តឹងនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃសុក្រស្អែកនេះ។លេខាធិការអចិន្រ្តៃយ៍របស់ក្រសួងលោក Kiatiphum Wongrajit បានប្រាប់អ្នកយកព័ត៌មានថា“ ក្រសួងសុខាភិបាល នឹងស្នើវិធានការដើម្បីកំណត់ការធ្វើ ដំណើរហើយប្រជាជនមិនត្រូវចាកចេញពីផ្ទះរបស់ពួកគេទេបើសិនជាមិនមានការចាំបាច់” ។

លោកបាននិយាយបន្ថែមថាវិធានការផ្សេងទៀតដែលត្រូវបានស្នើឡើងរួមមានការបិទកន្លែងណាដែលមិនសំខាន់និងតំបន់ដែលមានមនុស្សច្រើនហើយច្បាប់នេះនឹងត្រូវអនុវត្តក្នុងរយៈពេល ១៤ ថ្ងៃ។

បច្ចុប្បន្ននេះប្រទេសថៃបានដាក់ចេញនូវវិធានការនៅក្នុង “តំបន់ដែលមានហានិភ័យខ្ពស់” រួមទាំងទីក្រុងបាងកកនិងខេត្តជុំវិញហើយបានបិទផ្សារនានានិងហាមឃាត់ការបរិភោគអាហារនៅភោជនីយ ដ្ឋានប៉ុន្តែពួកគេនៅតែមិនអាចទប់ស្កាត់ការរីករាលដាលបាន។

សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសមានដល់ទៅ ៣០៨,២៣០ នាក់ហើយអ្នកស្លាប់មានចំនួន ២,៤៦២ នាក់ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន៕

ប្រភព៖ក្រសួងព័ត៌មាន