កសិករខេត្តក្រចេះជោគជ័យលើការដាំដុះស្ពៃក្តោបនិងផ្កាខាត់ណា ក្នុងផ្ទះសំណាញ់

602

ក្រចេះ៖ កសិករនៅខេត្ត ក្រចេះ ទទួលបានជោគជ័យលើការដាំដុះស្ពៃក្តោបនិងផ្កាខាត់ណា ក្នុងផ្ទះសំណាញ់ ដែលជាបន្លែមានការលូត លាស់ល្អ ងាយស្រួលដាំ ប្រើប្រាស់ជីតិច ដាំដុះបានគ្រប់រដូវកាល មិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។

លោក លី ឌី ប្រធានការិយា ល័យផ្សព្វផ្សាយកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះបានឱ្យដឹងថា បច្ចុប្បន្នមន្ទីរបានបង្ហាត់ បង្ហាញបច្ចេកទេសកសិកម្មថ្មី ដល់កសិករ ឱ្យបានយល់ដឹងច្រើនពីរបៀបថែទាំបន្លែក្នុងផ្ទះសំណាញ់។ លោកបន្តថា តាមរយ:ការបណ្តុះបណ្តាលនេះ បានធ្វើឱ្យកសិករទទួលបានជោគជ័យលើការដាំដុះ ស្ពៃក្តោបនិងផ្កាខាត់ណា ហើយមន្ទីរក៏បានចងក្រងក្រុមកសិករ ជាបណ្ដុំអាជីវកម្មបន្លែ សម្រាប់ផលិតបន្លែលក់ឱ្យក្រុមហ៊ុនដែលបានចុះកុងត្រាទិញ ដើម្បីធានានិរន្តរភាពទាំងការផលិតនិងការបញ្ជា ទិញ ។

លោកបន្តថា សម្រាប់នៅ ក្នុងខេត្តក្រចេះ កសិករចាប់ ផ្ដើមចាប់អារម្មណ៍ការប្រើប្រាស់ផ្ទះសំណាញ់សម្រាប់ដាំ ដំណាំបន្លែរបស់គាត់ ហើយការប្រើប្រាស់ផ្ទះសំណាញ់នេះមន្រ្តីជំនាញមន្ទីរយើងបានសហការជាមួយកសិករ ចុះមកសម្របសម្រួលក៏ដូចជាណែនាំបង្រៀនបច្ចេកទេសក្នុងការរៀបចំដីក្នុងផ្ទះសំណាញ់រៀបចំប្រព័ន្ធដីរៀបចំប្រព័ន្ធស្រោចស្រពដើម្បីសន្សំសំចៃទឹកនិងការប្រើប្រាស់ជីរួមជាមួយការថែទាំដំណាំក្នុងផ្ទះសំណាញ់ដើម្បីផលិតបានបន្លែដែលមានគុណភាពល្អនិងសុវត្ថិភាពល្អ។

លោក ហូប ប្រុស រស់នៅភូមិផ្សោតក្រោម ឃុំផ្សោត ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឱ្យដឹងថា ដំណាំបន្លែដាំនៅទីវាល ពិបាកថែទាំ ទទួល រងសត្វល្អិតចង្រៃយាយីជា ហូរហែ ចំណាយជីកសិកម្មច្រើន ទិន្នផលទទួលបានទាប ដាំដុះបានតែរដូវប្រាំង ព្រោះរដូវវស្សា ភ្លៀងធ្វើឱ្យបន្លែខូច ខាតមិនទទួលបានផល។

លោកបន្តថា បន្ទាប់ពីទទួលបានបច្ចេកទេសពីមន្ទីរកសិ កម្មខេត្ត និងការផ្តល់ផ្ទះសំណាញ់សម្រាប់យកទៅអនុវត្តន៍ក្នុងការដាំដុះបន្លែផ្សេងៗ បានធ្វើឱ្យកសិករទទួលបានទិន្នផលល្អ ហើយមានភាពចំណេញច្រើនពីការដំាដុះ។

លោកបន្តថា បើយើងប្រៀប ធៀបការដាំខាងក្រៅនិងការដាំដុះក្នុងផ្ទះសំណាញ់គឺខុស គ្នាច្រើន បើយើងប្រៀបធៀបទៅការដាំបន្លែក្នុងផ្ទះសំណា ញ់ផលទទួលបានលើសការដាំទីវាលជាង៦០ ភាគរយហើយការដាំបន្លែក្នុងផ្ទះសំ ណាញ់នេះទទួលបានផលប្រយោជន៍ច្រើន ត្រង់ថាយើងដាំបានគ្រប់រដូវមិនគិតថាប្រាំងឬវស្សាទេដោយសារវាមានដំបូលមិនត្រូវទឹកភ្លៀងដែលធ្វើឱ្យខូចដំណាំ។មួយទៀតពាក់ព័ន្ធនឹងសត្វវាចូលមិនរួចទេដោយសារវាមានសំណាញ់បិទជិត។

សូមបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ មន្ទីរកសិកម្ម បានផ្តល់ជូនផ្ទះសំណាញ់បានចំនួន ១២សម្រាប់ ដល់ប្រជាកសិករ ដើម្បីដាំដុះឱ្យទទួលបានទិន្នផលល្អ ៕

ប្រភព៖ក្រសួងព័ត៌មាន