ដកហូតបានអាល់កុលក្លែងក្លាយប្រមាណ ២,១៨២លីត្រ ខណៈត្រៀមដឹកចេញពីភ្នំពេញ ចែកចាយទៅខេត្តផ្សេង

284

(រាជធានីភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» រាជធានីភំ្នពេញ បាននាំយករថយន្តពិសោធន៍ចល័ត ចុះត្រួតពិនិត្យជាក់ស្តែង នូវរថយន្តដែលបានផ្ទុកអាល់កុលក្លែងក្លាយ ប្រភេទមេតាណុល ខណៈត្រៀមដឹកចែកចាយទៅខេត្តផ្សេងៗ រហូតឈានចូលឆែកឆេរ ទីតាំងផ្ទះមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយទទួលបានកិច្ចសហការពី អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ផងដែរ។
ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវអាល់កុលមានសារធាតុមេតាណុលប្រមាណ ២,១៨២លីត្រ ក្រោយបានធ្វើតេស្តបឋម។ ចំពោះវត្ថុតាងទាំងនោះបានរក្សាទុក បិទសៀល និងបន្តនីតិវិធីតាមច្បាប់ជាធរមាន។
សូមបញ្ជាក់ថា ក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ សហគមន៍ ២០កុម្ភៈ ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋាន ក.ប.ប បានដាក់ចេញវិធានការឃ្លាំពិនិត្យជាប្រចាំលើករណីអាល់កុលក្លែងក្លាយនេះ។ ជាលទ្ធផលមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប បានធ្វើបង្រ្កាបជាហូរហែនូវការបន្លំយកសារធាតុ មេតាណុលធ្វើជាអាល់កុល រហូតមកដល់ពេលនេះ សរុបបានចំនួនជិត ៥០តោនទៅហើយ ៕