ការចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ក្នុងចំណោម ៤ទីតាំង មាន២ទីតាំង បានប្រព្រឹត្តអំពើមិនសុចរិត ពាក់ព័ន្ធនឹងគុណភាព និងបរិមាណ

295

(ខេត្តកំពត)៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តកំពត បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៤ ទីតាំង នៅស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពត។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់ ក៏ដូចជាតម្លៃលក់រាយ របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ០៤ទីតាំងផងដែរ។

*លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ ៖

-ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០២ទីតាំង មានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ ប៉ុន្តែស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០២ទីតាំងទៀត ដែលម្ចាស់ស្ថានីយ/ដេប៉ូ បានប្រព្រឹត្តផ្ទុយ ឬបានប្រព្រឹត្តអំពើមិនសុចរិតចំពោះការធ្វើធុរកិច្ច ដែលពាក់ព័ន្ធនឹង គុណភាព និងបរិមាណ របស់ប្រេងឥន្ធនៈ ។ ចំពោះដេប៉ូដែលមិនមានអនុលោមភាពត្រូវបានមន្ត្រីជំនាញ ធ្វើការកិបសៀលលើដៃបាញ់ និងបន្តនីតិវិធីតាមច្បាប់ជាធរមាន៖

១.ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា

២.ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

សូមរំលឹកផងដែរថា កន្លងមកមន្រ្តីសាខា ក.ប.ប. បានធ្វើយុទ្ធនាការចុះផ្សព្វផ្សាយ និងបិទខិត្តប័ណ្ណផ្សព្វផ្សាយ លើខ្លឹមសារ “ការស្វែងយល់អំពីអំពើ មិនសុចរិត ក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ” នៅតាមបណ្តាស្ថានីយ/ដេប៉ូ ប្រេងឥន្ធនៈនៅតាមបណ្តាក្រុងខេត្ត ។ ការចុះផ្សព្វផ្សាយនេះក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពី បទដ្ឋានគតិយុត្តិ ដែលតម្រូវឱ្យម្ចាស់ស្ថានីយ៍/ដេប៉ូ ប្រេងឥន្ធនៈទាំងអស់ប្រកបមុខរបរដោយការប្រកួតប្រជែងប្រកបដោយសុចរិតភាព និងតម្លាភាព ក៏ដូចជាការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងការទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីដែលម្ចាស់ស្ថានីយ/ដេប៉ូ បានប្រព្រឹត្តផ្ទុយ ឬបានប្រព្រឹត្តអំពើមិនសុចរិតចំពោះការធ្វើធុរកិច្ច ដែលពាក់ព័ន្ធនឹងតម្លៃ គុណភាព និងបរិមាណ របស់ប្រេងឥន្ធនៈ ។