ការកើនឡើងនៃជំងឺកូវីដ១៩យ៉ាងគំហុក នៅកម្ពុជា ឈានដល់បន្ទាត់ក្រហមហើយ

384

ភ្នំពេញ៖ រហូតមកដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់ 855នាក់ហើយ ក្នុងចំណោមអ្នកជំងឺសរុប 59,045នាក់ នៅ ទូទាំងប្រទេសកម្ពុជា។
យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ថ្ងៃនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន 988នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ 789នាក់ អ្នកដំណើរមកពីបរទេស 199នាក់ អ្នកជាសះស្បើយចំនួន 897នាក់ និងស្លាប់ចំនួន 30នាក់។
យ៉ាងណាក៏ដោយប្រទេសកម្ពុជាមិនចង់ឃើញជំងឺកូវីដ១៩ វាយលុកលើសពីបន្ទាត់ក្រហមនោះទេ ព្រោះវានឹងឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ ប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ និងធ្វើឱ្យមនុស្សស្លាប់កាន់តែច្រើន។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា បច្ចុប្បន្ននេះជំងឺកូវីដ១៩ នៅកម្ពុជា ឈានដល់បន្ទាត់ក្រហមហើយ បើកាលណាលើសពីបន្ទាត់ក្រហមនោះ មន្ទីរពេទ្យ កន្លែងព្យាបាលលើសពីសមត្ថភាពរបស់យើង ដោយសារអ្នកជំងឺច្រើន អត់មានកន្លែងដាក់ ហើយស្លាប់ក៏ច្រើន ហើយបងប្អូនក៏ពិបាករកទទួលទាន ហើយត្រូវបិទតំបន់មួយចំនួនម្តងទៀតហើយ ។
លោកស្រីបានបញ្ជាក់ថា ដើម្បីទប់ស្កាត់កុំឱ្យវិរុសកូវីដ១៩ ឆ្លងតទៅទៀត ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ជាពិសេសប៉ះពាល់ដល់សុខភាព ពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាខិតខំទប់ស្កាត់ទាំងអស់គ្នាពិសេសអនុវត្តវិធានការ ៣ការពារ ដូចជា ពាក់ម៉ាស ឧស្សាហ៍អនាម័យ លាងដៃ និងរក្សាគម្លាតសុវត្តិភាពសង្គមនិងបុគ្គល
និង ៣កុំ រួមមាន កុំទៅទីកន្លែងដែលមានមនុស្សកកកុញច្រើន កុំទៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញចូល និងកុំប៉ះពាល់គ្នា ឬចាប់ដៃគ្នាឡើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប 59,045នាក់ អ្នកជាសះស្បើយចំនួន 50,917នាក់ និងអ្នកស្លាប់ចំនួន 855នាក់ ៕