ភ្នំពេញ ÷រថយន្តTUNDRAមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេកបណ្តាលរេចង្កូតដាំក្បាលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង ៥នឹង២៥នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ១០៥ការ ខាងលិចសាលាសង្កាត់ក្រាំងឃ្នុង ស្ថិតក្នុងសង្កាត់ក្រាំងឃ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តTUNDRAមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2BJ-3755 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១០៥ការ ក្នុងទិសដៅពីកើតទៅលិច ។ លុះបើកដល់ចំណុចកើតហេតុខាងលើ រថយន្តស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រលាយតែម្តងទៅ ដោយមិនបានបង្កអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរដទៃណាម្នាក់ឡើយ ។
ក្នុងករណីគ្រោះថ្នាក់ដោយខ្លួនឯងខាងលើនេះ គេនៅពុំទាន់ដឹងថា កើតឡើងដោយសារតែរថយន្តខាងលើជួបនឹងឧបសគ្គអ្វី ឬការជាការធ្វេសប្រហែសរបស់តៃកុងរថយន្តដោយកត្តាណាមួយនោះឡើយ ព្រោះក្រោយកើតហេតុហើយនោះ បុរសជាអ្នកបើកបរបានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលសូន្យ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ជុំវិញករណីនេះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ប៉ុន្តែមិនបានធ្វើការវាស់វែងតាមជំនាញឡើយ ព្រោះជាករណីបើកធ្លាក់ប្រលាយដោយខ្លួនឯង មិនបានបណ្តាលអោយខូចខាតដល់ទ្រព្បសម្បត្តិសាធារណះ ឬប៉ះពាល់បង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ដូច្នោះហើយសម្រេចទុករថយន្តនៅក្នុងប្រលាយនោះចោលជាបណ្តោះសិន រងចាំម្ចាស់មកទទួលយកវិញដោយខ្លួនឯងនៅពេលក្រោយចុះ។
រាយការណ៍ដោយ-P.23