បណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍បានបន្តកត់ត្រាថ្មីនូវចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ និងការស្លាប់ថ្មីដែលទាក់ទងនឹងជំងឺនេះកាលពីថ្ងៃទី ១០ ខែកក្កដា។
ក្រសួងសុខាភិបាលថៃ កាលពីថ្ងៃទី ១០ ខែកក្កដាបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៩១នាក់ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត លើសពីកំណត់ត្រាចាស់ដែលមានចំនួន ៧៥នាក់កាលពីថ្ងៃទី ៨ ខែកក្កដា។
ក្រសួងនេះក៏បានប្រកាសផងដែរអំពីការឆ្លងថ្មីចំនួន ៩ ៣២៦នាក់ ដែលធ្វើឱ្យចំនួនអ្នកជំងឺនៅក្នុងប្រទេសថៃកើនឡើងដល់ ៣៣៦ ១៥៨នាក់ ដោយក្នុងនោះមានអ្នកស្លាប់សរុបចំនួន ២ ៦២៥នាក់។
ដើម្បីទប់ស្កាត់នូវការកើនឡើងនៃករណីឆ្លងក្នុងរយៈពេលពី ២ ទៅ ៤សប្តាហ៍ រដ្ឋាភិបាលថៃនឹងដាក់ចេញនូវវិធានការណ៍តឹងរ៉ឹងជាងមុន ដែលរួមមានទាំងបម្រាមគោចរចាប់ពីម៉ោង ៩:០០យប់ដល់ម៉ោង ៤:០០ព្រឹកនៅក្នុងរាជធានីបាងកក និងខេត្តនៅក្បែរនោះចំនួន ៥ ព្រមទាំង ខេត្តចំនួន ៤ ផ្សេងទៀតនៅភាគខាងត្បូងចាប់ពីថ្ងៃទី ១២ ខែកក្កដានេះទៅ។
ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃទី ១០ ខែកក្កដាថា ប្រទេសនេះបានបង្កើតកំណត់ត្រាថ្មីមួយនៅក្នុងរយៈពេល ២៤ម៉ោងនូវការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៩ ៣៥៣នាក់ ដែលបង្កើនចំនួនអ្នកជំងឺសរុបនៅក្នុងប្រទេសនេះដល់ ៨២៧ ១៩១នាក់។ កំណត់ត្រាចុងក្រោយដែលមានអ្នកឆ្លងថ្មីចំនួន ៩ ១៨០នាក់ត្រូវបានកត់ត្រាកាលពីថ្ងៃទី ៩ ខែកក្កដា។
រដ្ឋ Selangor នៅតែបន្តមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុតនៅក្នុងប្រទេសនេះ ដោយមានអ្នកឆ្លងចំនួន ៤ ២៧៧នាក់ បន្ទាប់មកគឺទីក្រុងគូឡាឡាំពួរដែលមានចំនួនអ្នកឆ្លង ១ ៣៩៨នាក់។
នៅថ្ងៃដដែលនោះ ក្រសួងសុខាភិបាលហ្វីលីពីនបានប្រកាសអំពីករណីឆ្លងថ្មីចំនួន ៥ ៦៧៥នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដោយបានធ្វើឱ្យចំនួនអ្នកជំងឺសរុបមានដល់ ១ ៤៦៧ ១១៩នាក់។
ប្រទេសប្រជុំកោះមួយនេះក៏បានមើលឃើញអ្នកស្លាប់ថ្មីដែលទាក់ទងនឹងជំងឺកូវីដ-១៩ ចំនួន ៩៦នាក់ផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៥ ៨១៦នាក់៕
ប្រភព៖ក្រសួងព័ត៌មាន