ឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រស៊ូឡាវ៉េស៊ី

241

ការស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបាននិយាយថា មានគ្រោះរញ្ជួយដីមួយកម្រិត ៦,១រ៉ិចទ័របានវាយប្រហារនៅឆ្នេរសមុទ្រកោះស៊ូឡាវ៉េស៊ីរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីព្រឹកថ្ងៃទី ១០ ខែកក្កដា ប៉ុន្តែពុំមានការព្រមានអំពីរលកយក្សស៊ូណាមិទេ ហើយក៏មិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាតដែរ។

ការរញ្ជួយដីខ្លាំងនេះបានវាយប្រហារនៅចម្ងាយ ២៥៨គីឡូម៉ែត្រនៅភាគឥសាននៃទីក្រុងម៉ាណាដូនៅកោះស៊ូឡាវ៉េស៊ីខាងជើង ក្នុងជម្រៅ ៦៨គីឡូម៉ែត្រ។

ប្រទេសឥណ្ឌូណេស៊ីស្ថិតនៅលើតំបន់ពុះកញ្ជ្រោល «ចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក» ជាមួយនឹងភ្នំភ្លើងសកម្មជិត ១៣០ ដែលជាចំនួនច្រើនជាងប្រទេសដទៃទៀត។

កាលពីក្នុងខែមករា មានមនុស្សជាង ១០០នាក់ត្រូវបានស្លាប់ និងរាប់ពាន់នាក់ទៀតគ្មានផ្ទះសម្បែងដោយសារការរញ្ជួយដីមួយដែលមានកម្លាំង ៦,២រ៉ិចទ័រ ដែលបានវាយប្រហារកោះស៊ូឡាវ៉េស៊ី។

ការរញ្ជួយដីដ៏ខ្លាំងមួយបានធ្វើឱ្យកក្រើកកោះ Lombok កាលពីក្នុងឆ្នាំ ២០១៨ ហើយការរញ្ជួយដីជាច្រើនទៀតបានកើតឡើងក្នុងរយៈពេល ២-៣ សប្តាហ៍បន្ទាប់មកទៀត ដោយបានសម្លាប់មនុស្សជាង ៥៥០នាក់ដែលបានសម្រាកវិស្សមកាលនៅលើកោះនោះ និងកោះ Sumbawa ដែលនៅក្បែរនោះ។

នៅមួយឆ្នាំក្រោយមក មានការរញ្ជួយដីមួយទៀតកម្រិត ៧,៥រ៉ិចទ័រ និងរលកយក្សស៊ូណាមិនៅទីក្រុងប៉ាលូ នៅលើកោះស៊ូឡាវ៉េស៊ី ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងបាត់ខ្លួនជាង ៤ ៣០០នាក់៕

ប្រភព​៖ក្រសួងព័ត៌មាន