អគ្គនាយកទំនាក់ទំនងអន្តរសេវាកម្មសាធារណៈរបស់ប្រទេសប៉ាគីស្ថាន លោកឧត្តមសេនីយ៍ឯក Babar Iftikhar បាននិយាយថា ប្រទេសប៉ាគីស្ថានបាននិងកំពុងធ្វើការពង្រឹងសន្តិសុខនៅតាមព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន ស្របពេលដែលកំពុងមានការដកកងទ័ពបរទេសចេញពីប្រទេសនោះ។
លោក Iftikhar បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន ARY ដែលត្រូវបានដកស្រង់សម្តីដោយកាសែត Dawn កាលពីថ្ងៃសៅរ៍ថា «ឥឡូវនេះ ៩០ភាគរយនៃព្រំដែនរវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានត្រូវបានធ្វើរបងបែងចែក»។ លោកបាននិយាយបន្ថែមថា ប្រទេសប៉ាគីស្ថានបានត្រៀមខ្លួនយ៉ាងល្អ ហើយយន្តការសន្តិសុខនៅតាមព្រំដែននាពេលបច្ចុប្បន្ន គឺល្អប្រសើរជាង។
យោងតាមលោក Iftikhar បានឱ្យដឹងថា ក្រសួងមហាផ្ទៃរបស់ប្រទេសប៉ាគីស្ថានត្រូវបានរៀបចំសម្រាប់លំហូរចូលនៃជនភៀសខ្លួនពីប្រទេសអាហ្វហ្គានីស្ថានដែលអាចកើតមាន។
ការដកកងទ័ពបរទេសចេញពីប្រទេសអាហ្វហ្កានីស្ថានដែលស្ទើរតែត្រូវបានដកចេញទាំងស្រុងហើយសម្រាប់កងទ័ពសហរដ្ឋអាមេរិក មុនថ្ងៃផុតកំណត់ថ្ងៃទី ១១ ខែកញ្ញា បានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងក្នុងការនាំឱ្យមានវិបត្តិមនុស្សធម៌នៅក្នុងប្រទេសនេះ និងបណ្តាលឱ្យមានរលកជនភៀសខ្លួនរត់ភៀសខ្លួនទៅកាន់បណ្តារដ្ឋនៅជិតខាង។
លោកស្រី Tasnim Aslam អតីតអ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានបានប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃពុធថា ប្រទេសប៉ាគីស្ថានមានការព្រួយបារម្ភថា ក្រុមជ្រុលនិយមអាចលាក់ខ្លួនក្នុងចំណោមជនភៀសខ្លួនមកពីប្រទេសអាហ្វហ្គានីស្ថាន និងរាលដាលពាសពេញតំបន់ដោយមានលំហូរជនអន្តោប្រវេសន៍។ លោកស្រីក៏បាននិយាយផងដែរថា អស្ថេរភាពនៅក្នុងប្រទេសនេះនឹងអនុញ្ញាតឱ្យការជួញដូរគ្រឿងញៀនមានការរីកចម្រើន ខណៈដែលក្រុមផ្សេងៗនៅខាងក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងពឹងផ្អែកកាន់តែខ្លាំងឡើងទៅលើពាណិជ្ជកម្មគ្រឿងញៀនដើម្បីផ្តល់មូលនិធិដល់ប្រតិបត្តិការរបស់ពួកគេ៕
ប្រភព៖ក្រសួងព័ត៌មាន