បាត់ដំបង៖ស្រ្តីអ្នកជំងឺកូវីដ១៩ វ័យចំណាស់ចំនួន២នាក់បន្ថែមទៀតហើយ បានស្លាប់បន្តបន្ទាប់គ្នានៅខេត្តបាត់ដំបង ដោយសារស្ថានភាព សុខភាពធ្ងន់ធ្ងរ គួបផ្សំ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។
លោក សន និល អធិការ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានឱ្យដឹងថា សពស្រ្តីចំណាស់ពីរនាក់ ដែលបានស្លាប់ដោយសាររោគកូវីដ-១៩នោះ ត្រូវបានយកមកបូជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី១០ និង ទី១១ កក្កដា នៅក្នុង វត្តភ្នំគីរីសារវ័ន្តហៅភ្នំស្លឹក ស្ថិតនៅឃុំស្តៅ ស្រុករតនមណ្ឌល ខេត្ត បាត់ដំបង។ បើតាមឯកសាររបស់មន្ទីពេទ្យបង្អែកបាត់ដំបងបានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ដែលស្លាប់ទីមួយមាន ឈ្មោះ ជិន សារី ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិតៅកំបោរ ឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបង បានចូលសម្រាកព្យាបាលកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និង រលាកសួតទាំងសងខាងស្រួចស្រាល់ ដោយសារជំងឺកូវីដ១៩ និង ជំងឺរួមផ្សំដូចជាលើសឈាម ធ្វើឱ្យអ្នកជំងឺបានទទួលមរណភាព នៅយប់ថ្ងៃទី១០ខែមិថុនា ។ ដោយឡែកអ្នកជំងឺដែលទទួលមរណភាពម្នាក់ទៀត មានឈ្មោះ អ៊ំសម្បត្តិ ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង បានចូលមកសម្រាកព្យាបាលថ្ងៃទី ០៤ខែកក្កដាឆ្នាំ២០២១ និងស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និង រលាកសួតទាំងសងខាងស្រួចស្រាល់ ដោយសារជំងឺកូវីដ១៩ ។អ្នកជំងឺរូបនេះមានជំងឺរួមផ្សំដូចជាជំងឺហឺត និង ជាតិពុលក្រពេញទីរ៉ូអ៊ីតកើនឡើង ផង ធ្វើឱ្យគាត់ទទួលមរណភាពនៅ ម៉ោងជាង៧យប់ថ្ងៃទី០៩ខែកក្កដា ។
គិតមកត្រឹមល្ងាចថ្ងៃទី១១ខែកក្កដា ខេត្តបាត់ដំបងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន១១នាក់ហើយ ចំណែកអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ចំនួន១៥៧៤នាក់ និងព្យាបាល ជាសះស្បើយ ៧៥២នាក់ ៕
ប្រភព៖ក្រសួងព័ត៌មាន