ភ្នំពេញ៖ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាឱ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ ឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន ដែលខុសពីច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម ។
យោងតាមសេចក្តីជូនព័ត៌ មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា នៅខែកុម្ភៈឆ្នាំ ២០២១ ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរ ជាតិ និងក្រសួងពាណិជ្ជកម្ម កម្ពុជា បានរួមគ្នាពិនិត្យឃើញ ថា មានផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុងចរាចរ លក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ។
ក្រសួងការបរទេសបន្តថា ការខិតខំស្រាវជ្រាវយ៉ាងយក ចិត្តទុកដាក់របស់ក្រសួងទាំង ពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India មានទីតាំងនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។
ផ្អែកលើលទ្ធផលសហការស្រាវជ្រាវនេះ ក្រសួងការបរ ទេសនិងសហប្រតិបត្តិការ អន្តរជាតិ បានសម្រេចឱ្យស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ាទៅភាគីឥណ្ឌា ឱ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនេះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង។
ជាលទ្ធផល ក្រុមហ៊ុនឥណ្ឌានេះបានបញ្ឈប់ការប្រើប្រាស់ឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន តាមការតវ៉ារបស់ក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ៕
ប្រភព៖ក្រសួងព័ត៌មាន