នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់អំពាវនាវឱ្យមានកិច្ចប្រជុំ APEC ជាបន្ទាន់ស្តីពីជំងឺកូវីដ-១៩

299

កាលពីថ្ងៃទី ១២ ខែកក្កដា នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានប្រកាសពីផែនការរៀបចំកិច្ចប្រជុំនិម្មិត្តមួយរបស់បណ្តាមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ ដែលផ្តោតទោលើបញ្ហាជំងឺកូវីដ-១៩ និងវិធានការណ៍ដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមានរបស់ជំងឺរាតត្បាតនេះចំពោះសេដ្ឋកិច្ច។

លោកស្រី Adern គ្រោងនឹងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំ APEC ដែលនឹងប្រារព្ធឡើងនៅក្នុងខែវិច្ឆិកាក្នុងទម្រង់ជាសន្និសីទវីដេអូ។ ទោះជាយ៉ាងណា លោកស្រីបានអំពាវនាវឱ្យមានកិច្ចប្រជុំក្រៅផ្លូវការសម្រាប់បណ្តាមេដឹកនាំ APEC នៅថ្ងៃទី ១៦ ខែកក្កដា ក្នុងក្តីសង្ឃឹមថានឹងស្វែងរកជំហានជាបន្ទាន់ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រីបាននិយាយថា នេះជាលើកទីមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ APEC ហើយដែលមេដឹកនាំមានកិច្ចប្រជុំបន្ថែមទៀតនៅកម្រិតថ្នាក់ដឹកនាំ ហើយវាឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នារបស់ពួកគេក្នុងការរុករកជាមួយគ្នាដើម្បីចេញពីវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច។

សេចក្តីថ្លែងការណ៍នោះបានកត់សម្គាល់ថា កាលពីឆ្នាំមុន សេដ្ឋកិច្ចរបស់ APEC បានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដែលមានការងារចំនួន ៨១លានត្រូវបានបាត់បង់។ សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា ដូច្នេះការឆ្លើយតបជារួមពិតជាមានសារៈសំខាន់ណាស់ដើម្បីពន្លឿនការស្តារឡើងវិញនៃសេដ្ឋកិច្ចសម្រាប់តំបន់។

កាលពីព្រឹកថ្ងៃទី ៥ ខែមិថុនា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសជាសមាជិកទាំង ២១ របស់ APEC បានឯកភាពគ្នាទៅលើគោលដៅដើម្បីទទួលបានការស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយចាប់ផ្តើមពីការពន្លឿនការចែកចាយវ៉ាក់សាំង៕

ប្រភព៖ក្រសួងព័ត៌មាន