ក្រសួងសុខាភិបាលនៃប្រទេសស្រីលង្កា កាលពីថ្ងៃអាទិត្យបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន ២លានដូសពីប្រទេសចិន ដែលនាំឱ្យចំនួនវ៉ាក់សាំងស៊ីណូហ្វាមសរុបចំនួន ៧,១លានដូសបានទៅដល់ប្រទេសនោះចាប់តាំងពីខែមីនាមក។
វ៉ាក់សាំងទាំងនេះបានទៅដល់ប្រទេសនោះដោយជើងហោះហើរចំនួនពីររបស់ក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កា ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Bandaranaike នៅព្រឹកថ្ងៃអាទិត្យ។
យោងតាមមន្រ្តីសុខាភិបាលបានឱ្យដឹងថា ក្នុងចំនួនវ៉ាក់សាំងដែលនៅក្នុងស្តុកទាំងនេះ វ៉ាក់សាំងចំនួន ១០០ ០០០ដូសនឹងត្រូវបានបញ្ជូនទៅតាមស្រុកនីមួយៗ ដូចជាស្រុក Galle ស្រុក Matara ស្រុក Hambantota ស្រុក Anuradhapura ស្រុក Nuwara Eliya ស្រុក Ratnapura ស្រុក Badulla និងស្រុក Matale ខណៈដែលវ៉ាក់សាំងចំនួន ២០០ ០០០ដូសនឹងត្រូវបានបញ្ជូនទៅកាន់ស្រុកនីមួយៗ ដូចជាស្រុក Colombo និងស្រុក Kurunegala ។
ទន្ទឹមនឹងនេះដែរ វ៉ាក់សាំងចំនួន ៣០០ ០០០ដូសនឹងត្រូវបញ្ជូនទៅកាន់ស្រុក Kalutara និងវ៉ាក់សាំងចំនួន ៥០០ ០០០ដូសនឹងត្រូវបញ្ជូនទៅកាន់ស្រុក Gampaha ។
យោងតាមស្ថិតិផ្លូវការរបស់ក្រសួងសុខាភិបាលស្រីលង្កាបានឱ្យដឹងថា ប្រជាជនប្រមាណជិត ៣លាននាក់បានទទួលការចាក់វ៉ាក់សាំងស៊ីណូហ្វាមនៅក្នុងប្រទេសស្រីលង្ការហូតមកដល់បច្ចុប្បន្ននេះ ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងឈានមុខគេដែលត្រូវបានប្រើប្រាស់នៅក្នុងចំណោមប្រជាជនទូទៅ។
ស្ថិតិរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ក្នុងចំណោមប្រជាជនប្រមាណជិត ៣លាននាក់នោះ មានជាង១លាននាក់ត្រូវបានចាក់វ៉ាក់សាំងដូសទី ២ រួចហើយ។
មេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ Shavendra Silva បាននិយាយថា បន្ទាប់ពីការមកដល់របស់វ៉ាក់សាំងស៊ីណូហ្វាមចំនួន ២លានដូសកាលពីថ្ងៃអាទិត្យហើយ វ៉ាក់សាំងចំនួន ២លានដូសបន្ថែមទៀតត្រូវបានគេរំពឹងទុកនៅមកដល់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
ប្រភព៖ក្រសួងព័ត៌មាន