ក្រសួងការបរទេសកូរ៉េខាងជើងចោទប្រកាន់សហរដ្ឋអាមេរិកពីការប្រើប្រាស់ជំនួយមនុស្សធម៌សម្រាប់គោលបំណងបំភាន់

279

កាលពីថ្ងៃច័ន្ទ ក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់កិច្ចការជំនួយមនុស្សធម៌ជាឧបករណ៍នយោបាយសម្រាប់ជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង និងបញ្ហាសិទ្ធិមនុស្ស។

លោក Kang Hyon-chol អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសមាគមន៍លើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងបច្ចេកវិទ្យាអន្តរជាតិ បាននិយាយដូចនេះនៅក្នុងអត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសកូរ៉េខាងជើង។

លោក Kang បាននិយាយថា «នៅក្នុងការអនុវត្តជាក់ស្តែង ប្រទេសជាច្រើនបានទទួលនូវរសជាតិល្វីងជូរចត់ដែលជាលទ្ធផលនៃការសង្ឃឹមច្រើនទៅលើជំនួយ និងជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក»។

លោកបាននិយាយបន្ថែមថា «នេះបង្ហាញឱ្យឃើញច្បាស់ថា ចេតនារបស់សហរដ្ឋអាមេរិកក្នុងការផ្សាភ្ជាប់ជំនួយមនុស្សធម៌ជាមួយបញ្ហាសិទ្ធិមនុស្ស គឺដើម្បីធ្វើឱ្យមានសម្ពាធរបស់ពួកគេទៅលើរដ្ឋអធិបតេយ្យមួយចំនួន និងធ្វើឱ្យសម្រេចបាននូវផែនការនយោបាយដ៏អាក្រក់របស់ពួកគេ»។

លោក Kang បាននិយាយថា ពិភពលោកកំពុងប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ-១៩ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប៉ុនប៉ងរំលោភបំពានទៅលើការរងទុក្ខវេទនា និងការឈឺចាប់ទាំងនេះសម្រាប់គោលបំណងនយោបាយដ៏អាក្រក់របស់ខ្លួន។

របាយការណ៍កាលពីពេលមុនបាននិយាយថា សហរដ្ឋអាមេរិកអាចពិចារណាក្នុងការចែករំលែកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយប្រទេសកូរ៉េខាងជើង ប្រសិនបើមានការស្នើសុំពីប្រទេសក្រីក្រមួយនេះ។ អត្ថបទនេះបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងចំពោះភាពខ្លួនទីពឹងខ្លួន និងការបដិសេធជំនួយមនុស្សធម៌នេះ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សរបស់ទីក្រុងព្យុងយ៉ាង។

ប្រទេសកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រហែលជា ២លានដូសតាមរយៈកម្មវិធី COVAX ប៉ុន្តែពួកគេមិនទាន់បានបញ្ជូនទៅប្រទេសនេះនៅឡើយទេ។

ប្រទេសកូរ៉េខាងជើងបានអះអាងថា គ្មានមេរោគឆ្លងកូរ៉ូណាវីរុសទេ ប៉ុន្តែបានចាត់វិធានការយ៉ាងរហ័ស និងតឹងរ៉ឹងប្រឆាំងនឹងជំងឺរាតត្បាតនេះ ដូចជាការដាក់ចេញនូវការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរឹងចាប់តាំងពីដើមឆ្នាំមុនមកម៉្លេះ៕

ប្រភព៖ក្រសួងព័ត៌មាន