ក្មេងទំនើង១ក្រុម ជិះម៉ូតូអូសកាំបិត ស្វែងរកគូសងសឹក មិនទាន់ឃើញផងក៏សមត្ថកិច្ចតាមផ្លូវ

684

បន្ទាយមានជ័យ៖ ក្មេងទំនើង១ ក្រុមជិះម៉ូតូអូសកាំបិតពេញផ្លូវសារធារណៈ ពេញក្រុងសិរីសោភ័ណ ស្វែងរកគូសងសឹក តែមិនទាន់រកឃើញផង ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់វាយខ្នោះ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ចាត់ការបន្តតាមច្បាប់។
ក្មេងទំនើងទាំងបីនាក់ ១.ឈ្មោះ ផូ ភា (ហៅចយ) ភេទប្រុស អាយុ១៩ឆ្នាំ ។ 2.ឈ្មោះ មឿន ស៊ីណែត ភេទប្រុស អាយុ 17ឆ្នាំ និង 3.ឈ្មោះ ង៉ាម សារុន ភេទប្រុស អាយុ 17ឆ្នាំ ក្មេងទំនើងទាំងបីនាក់ រស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា ដោយឃើញសកម្មភាពក្រុមក្មេងទំនើងមានកាំបិតជិះម៉ូតូអូសតាមផ្លូវសាធារណ: នៅក្រុងសិរីសោភ័ណ ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាបទាន់ពេលវេលា នៅព្រឹកថ្ងៃទី12 ខែកក្កដា ឆ្នាំ2021 និងដកហូតកាំបិតផ្គាក់ចំនួន0២ដើម និងម៉ូតូ១គ្រឿង។
ក្រោយពេលសួរនាំ ពួកក្មេងទំនើងទាំងនេះឆ្លើយសារភាពថា ពួកគេ ជិះម៉ូតូកាន់កាំបិត គឺមានគោលបំណងស្វែងរកក្រុមក្មេងទំនើងមួយក្រុមទៀត ដើម្បីកាប់ ពីព្រោះក្មេងទំនើង01ក្រុមទៀតនោះ ធ្លាប់ដេញកាប់ពួកគេកន្លងមក ទើបមានគំនុំ តាមសងសឹក តែរកមិនទាន់ជួបផង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន៕