អាជ្ញាធរបន្តបិទផ្សារមោង ឫស្សីបន្ថែម៧ថ្ងៃទៀត ក្រោយពីរកឃើញអ្នកឆ្លងបន្តបន្ទាប់

312

បាត់ដំបង៖រដ្ឋបាលខេត្ត បាត់ ដំបងបានសម្រេចបន្តការបិទខ្ទប់ផ្សារមោងឫស្សីរយៈពេល ៧ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី ១៣ខែកក្កដាតទៅ បន្ទាប់ពីបិទខ្ទប់ទីតាំងផ្សារនេះ អស់ រយៈពេល១៤ថ្ងៃរួចម្តងមកហើយ ក្រោយពីរកឃើញអាជីវករលក់ដូរមានឆ្លងជំងឺកូវីដ១៩ ច្រើននាក់ ។ លោក ទេព ហន អភិបាល ស្រុកមោងឫស្សី បានមាន ប្រសាសន៍ថា ការបន្ថែមរយៈពេលបិទខ្ទប់នេះដោយសារតែរកឃើញអាជីវករដែលពាក់ព័ន្ធ មានវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ទៀត ។ លោកបញ្ជាក់ថា អ្នកពាក់ព័ន្ធខ្លះធ្វើចត្តាឡីស័កដល់ថ្ងៃទី ១៣ និង ទី១៤ បម្រុងនឹងចេញទៅផ្ទះវិញហើយ បែរជាពិនិត្យចុងក្រោយរកឃើញវិជ្ជមានកូវីដ១៩ ដែលធ្វើឱ្យពួកគាត់បន្តពិនិត្យព្យាបាល ចំណែកអ្នកស្នាក់នៅបន្ទប់ធ្វើចត្តាឡីស័កជាមួយគ្នានោះ ត្រូវបន្តធ្វើចត្តាឡីស័កបន្ថែមទៀតដែរ។

សូមបញ្ជាក់ថា រដ្ឋបាលស្រុកមោងឫស្សីខេត្តបាត់ដំបងបាន សម្រេចបិទការលក់ដូរនៅផ្សារមោងឫស្សីម្តងហើយ កាលពីព្រឹកថ្ងៃទី២៩ខែមិថុនា ដល់ថ្ងៃទី១២ខែកក្កដា បន្ទាប់ ពីរកឃើញអាជីវករលក់ដូរនៅផ្សារនេះជាច្រើននាក់មានវិជ្ជមានកូវីដ១៩ ដែលឆ្លងទៅលើអ្នកលក់បន្លែ លក់ពងទាកូន អ្នកលក់ផ្លែឈើ និង អាជីវករលក់ដូរផ្សេងទៀតជាច្រើនត្រូវបានរកឃើញបន្តបន្ទាប់ ។

គិតមកត្រឹមល្ងាចថ្ងៃទី១១ខែ កក្កដា ខេត្តបាត់ដំបងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន១១នាក់ហើយ ចំណែកអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១៥៧៤នាក់ ព្យាបាល ជាសះស្បើយ ៧៥២នាក់ ស្លាប់ ១១នាក់ និង កំពុងសម្រាកព្យាបាល ៨១១នាក់៕

ប្រភព៖ក្រសួងព័ត៌មាន