គេហទំព័រឃោសនារបស់កូរ៉េខាងជើង កាលពីថ្ងៃអង្គារបានព្រមានដល់កូរ៉េខាងត្បូងប្រឆាំងនឹងការជំរុញការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក ដោយបាននិយាយថា សមយុទ្ធសង្គ្រាម និងសន្តិភាព មិនអាចដើរទន្ទឹមគ្នាបានទេ។
Uriminzokkiri ដែលជាគេហទំព័រឃោសនារបស់កូរ៉េខាងជើងបានចេញសេចក្តីព្រមាននេះនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងខែសីហា។ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលនៅពេលមុននេះបាននិយាយថា សម្ព័ន្ធមិត្តកំពុងពិភាក្សាគ្នាអំពីពេលវេលា និងរបៀបនៃការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅរដូវក្តៅនេះ។
គេហទំព័រនេះបាននិយាយបន្ថែមថា «ល្បែងសង្រ្គាម និងគ្រោងការណ៍ដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធនឹងមិនដែលមានទំនាក់ទំនងគ្នាដោយសន្តិភាពឡើយ»។
គេហទំព័រនេះបាននិយាយអំពីសមយុទ្ធយោធារួមគ្នារបស់កូរ៉េខាងត្បូងដែលធ្វើឡើងជាមួយសហរដ្ឋអាមេរិកកាលពីខែមីនា និងការអនុវត្តកាលពីពេលថ្មីៗនេះរបស់ខ្លួនដើម្បីណែនាំនូវអាវុធបច្ចេកវិទ្យាខ្ពស់ ដោយបាននិយាយថា ទីក្រុងសេអ៊ូលមានទិសដៅធ្វើសមយុទ្ធទាំងស្រុង។
គេហទំព័រឃោសនាមួយទៀតឈ្មោះ Meari ក៏បានស្តីបន្ទោសដល់ប្រទេសកូរ៉េខាងត្បូងផងដែរចំពោះការពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បើទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ។
គេហទំព័រនោះបាននិយាយថា «ការមិនអើពើនឹងជីវភាពរស់នៅរបស់ប្រជាជនខ្លួនដែលទទួលរងពីការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសដ៏កាចសាហាវនេះ (កូរ៉េខាងត្បូង) បាននិងកំពុងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់របស់អ្នកជាប់ពន្ធក្នុងការបំពាក់អាវុធដល់ទាហានរបស់ខ្លួន»។
ប្រទេសកូរ៉េខាងជើងបានថ្កោលទោសដល់ការធ្វើសមយុទ្ធយោធារបស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនជាយូរមកហើយថា ជាការហាត់សមសម្រាប់ការឈ្លានពានកូរ៉េខាងជើង ដោយបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់គោលនយោបាយអរិភាពរបស់ខ្លួន៕
ប្រភព៖ក្រសួងព័ត៌មាន