ភ្នំពេញ៖ នៅក្នុងរយៈពេល១ឆមាស ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាយើងបានប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្ដាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។ ថ្វីដ្បិតតែបញ្ហានេះ មិនអាចរារាំងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេស ប៉ុន្តែវាក៏បង្កឱ្យមានផលវិបាកមួយចំនួន ដូចជាការធ្លាក់ចុះកិច្ចសហប្រតិបត្តិការបង្ក្រាបក្នុងតំបន់ និងការធ្លាក់ចុះតម្លៃគ្រឿងញៀន ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនមានឱកាសបង្កើនការផលិត និងអំណោយផលទីផ្សារប្រើប្រាស់គ្រឿងញៀន ។
យ៉ាងណាក៏ដោយ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក្នុងរយៈពេល៦ខែនេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៣២៥៨ករណី ក្នុងនោះករណីជួញដូរ រក្សាទុក ២១២៩ករណី, ករណីប្រើប្រាស់១០៩៩ករណី, ដាំដុះ ២៨ករណី, សំយោគ កែច្នៃ ២ករណី និងឃាត់ខ្លួនជនសង្ស័យ ៧២៥៩នាក់ ក្នុងនោះជនសង្ស័យករណីជួញដូរ រក្សាទុក ៤១៤៩នាក់, ប្រើប្រាស់គ្រឿងញៀន ៣០៩៥នាក់, ដាំដុះ ៦នាក់ និង សំយោគ កែច្នៃ ៩នាក់ ព្រមទាំងចាប់ខ្លួនជនសង្ស័យតាមដីការ ២២១នាក់ ។
ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការរយៈពេលកន្លះឆ្នាំមកនេះ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនបានសរុបជាង៨៥០គីឡូក្រាម ។ ជាមួយគ្នានេះ សមត្ថកិច្ចប្រមូលបានវត្ថុតាង និងបញ្ជូនទៅសាលាដំបូងរាជធានីខេត្តរួចរាល់នូវសម្ភារៈចាប់យកមួយចំនួន ដូចរថយន្ត ៦៣គ្រឿង, ម៉ូតូ ១០១២គ្រឿង, ទូរសព្ទ ៣២៥១គ្រឿង, ជញ្ជីង ១៦២គ្រឿង, អាវុធវែង ១២៦ដើម, អាវុធខ្លី១២ដើម, ប្រាក់រៀលជាង ១៧លានរៀល, ប្រាក់អាមេរិកជាង ២ពាន់ដុល្លារ, ប្រាក់ថៃជាង ១សែន២ម៉ឺនបាត និងប្រាក់វៀតណាមជាង ២ម៉ឺនដុង ព្រមទាំងបានឃាត់ទុកទ្រព្យសម្បត្តិជាអចលនទ្រព្យ២កន្លែង ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ថា៖ បញ្ហាកូវីដ១៩ ថ្វីដ្បិតថាពេលនេះមានសភាពខ្លាំងក្លា ប៉ុន្តែវាទំនងជាអាចដើរដល់ទីបញ្ចប់នៅថ្ងៃណាមួយ ប៉ុន្តែបញ្ហាគ្រឿងញៀននេះ វានឹងមិនងាយរកទីបញ្ចប់ឃើញឡើយ ។ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខ បានយកចិត្តទុកដាក់ចង្អុលបង្ហាញលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសបានសម្រេចកែសម្រួលលក្ខណៈសម្បត្តិនៃគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ជាកម្រិតគោលនយោបាយ ហើយបន្តដាក់បញ្ចូលបញ្ហាគ្រឿងញៀនជាកិច្ចការអាទិភាព ។
សម្តេក្រឡាហោម ក៏បានអំពាវនាវដល់កងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ៖
– កុំពាក់ព័ន្ធ ៖មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។
– កុំអន្តរាគមន៍ ៖មានន័យថា កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។
– កុំលើកលែង ៖មានន័យថា កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។
និង- មួយរាយការណ៍៖មានន័យថា ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕