ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជូនដំណឹងអំពីការផ្អាកជាបណ្ដោះអាសន្ន ការចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី១៨ ខែកក្កដា តទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
យោងតាមលិខិត របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឱ្យដឹងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចម្លង ចូលមកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្តោះអាសន្ន សម្រាប់ការធ្វើដំណើរ ចេញ-ចូល កាត់ព្រំដែនកម្ពុជា-វៀតណាម រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅ ព្យាបាលនៅ វៀតណាម អ្នកការទូត មន្ត្រីរាជការដែលមានបេសកកម្ម តាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិតសិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល ។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៣ ខែកក្កដាម្សិលមិញ ប្រាប់ទៅឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីជូនដំណឹងទៅភាគីវៀតណាម ស្តីពីការផ្អាកជាបណ្ដោះអាសន្ន ក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។
លិខិតរបស់ក្រសួងការបរទេស បានបន្តថា ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្តោះអាសន្ននេះ។
លិខិតរបស់ក្រសួងការបរទេស បន្តទៀតថា សូមសហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរនៃប្រទេសទាំងពីរ ជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ចូននាំចេញ និងនាំចូលទំនិញនានា ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានសុខាភិបាល នៃប្រទេសទាំងពីរ។ វិធានការបណ្ដោះអាសន្ននៃការរឹតត្បិតការចូលមកកម្ពុជា ដូចដែលមានចែងក្នុងកំណត់ទូត លេខ៧៣៤ ចុះថ្ងៃទី២៧ ខែមីនាឆ្នាំ២០២០របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិធានការផ្សេងៗ ដែលមានស្រាប់របស់កម្ពុជា នៅជាធរមាន៕
ប្រភព៖ក្រសួងព័ត៌មាន