ដំណាំលម៉ើស្រស់ខេត្តកំពង់ធំ កំពុងពេញប្រមូលផល និងទទួលបានការគាំទ្រពីអតិថិជន

404

កំពងធំ៖ ដំណាំលម៉ើស្រស់ខេត្តកំពង់ធំ កំពុងពេញប្រមូលផល និងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ដោយសារតែជាប្រភេទ ដំណាំសរីរាង្គ មានរសជាតិផ្អែមឆ្ងាញ់។

លោក ខេង វីរ៉ែន អ្នកគ្រប់គ្រងទូទៅចម្ការតាខ្នា ស្ថិតនៅក្នុងភូមិត្រាច ឃុំកំពង់ចិនខាងជើង ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រាប់ ឲ្យវិទ្យុជាតិកម្ពុជាដឹងថា ដំណាំលម៉ើនៅក្នុងស្រុកនេះ កំពុងពេញប្រមូលផលបានច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញ ទៅកាន់រាជធានី-ខេត្តផ្សេងៗផងដែរ ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង ។ លោកបន្តថា ផ្លែលម៉ើចម្ការតាខ្នា មានរសជាតិផ្អែមឆ្ងាញ់ គឺជាប្រភេទដំណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីទេ សំខាន់គឺវាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពមនុស្ស ដូចជា៖ កាត់បន្ថយជាតិស្ករក្នុងឈាម បង្កើនថាមពលបម្រុងរាងកាយ ជំនួយដល់ស្រ្តីមានផ្ទៃពោះ កម្ចាត់ជាតិពុល ការពារពីការកើតជំងឺមហារីកក្រពះពោះវៀន ។ លោកបានបន្ថែមថា លម៉ើជាប្រភេទដំណាំដែលដាំនៅក្នុងប្រទេសក្ដៅ ដូច្នេះវាមិនត្រូវការ តំបន់ណាដែលមានប្រភេទដីជាំទឹកទេ ហើយត្រូវប្រើរយៈពេលដាំ២ឆ្នាំ ទៅបីឆ្នាំ ទើបទទួលបានផល។ លោកបានបញ្ជាក់ថា បច្ចុប្បន្នមាន អតិថិជនជាច្រើនចូលចិត្តទទួលទានលម៉ើរបស់ចម្ការតាខ្នានេះណាស់ ដោយសារតែមានរសជាតិឆ្ញាញ់ ដោយមិនបានប្រើប្រាស់ជីគីមី និងបានជ្រើសរើសពូជដែលបានទទួលស្គាល់ពីបណ្ដាប្រទេសមួយចំនួន ដោយយកគុណភាពជាចម្បង។

«ចំពោះទីផ្សារលម៉ើនៅពេលបច្ចុប្បន្ននេះវានៅល្អប្រសើរ គាត់មកដល់ចម្ការទិញក៏ច្រើន បញ្ជាទិញយកទៅលក់បន្តក៏ច្រើន ហើយយើងលក់ចូលផ្សារទំនើបធំៗក៏ច្រើន ដោយសារទីមួយវាជាដំណាំថ្មីរបស់ប្រទេសយើងផង ទី២ដោយសារប្រជាជនយើងមាន ជីវភាពធូរធារច្រើនផង បានគាត់មានលទ្ធភាពទទួលទាន ផ្លែលម៉ើដែលជាប្រភេទផ្លែឈើដែលមានតម្លៃខ្ពស់ គួរសម ដែលវាជាប្រភេទ ដំណាំដែលចំណាយច្រើន អ៊ីចឹងទើបវាចេញមកវាតម្លៃថ្លៃដែរ»។

លោក បានអំពាវនាវដល់ប្រជាកសិករ ដែលមានបំណងចង់ដាំលម៉ើ គួរតែសិក្សាស្រាវជ្រាវពីបចេ្ចកទេសឲ្យបានត្រឹមត្រូវជាមុនសិន ជាពិសេសគឺត្រូវជ្រើសរើសពូជឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានគុណភាពខ្ពស់។

សូមបញ្ជាក់ថា ដំណាំលម៉ើចម្ការតាខ្នានេះ បានដាំតាំងពីឆ្នាំ២០១៧ លើផ្ទៃដីប្រមាណជាង៤០ហិកតា ដោយនាំយកពូជមកពី ប្រទេស អ៊ីស្រាអែល ហើយតម្លៃលក់មានពី១២ដុល្លារទៅ១៧ដុល្លារ ក្នុង១គីឡូក្រាម ៕

ប្រភព៖ក្រសួងព័ត៌មាន