សិប្បកម្មមួយកន្លែងក្នុងស្រុកត្រាំកក់ ខេត្តតាកែវយកផលិតផលផ្លែដូងមកកែច្នៃជាវត្ថុប្រើប្រាស់បានច្រើនប្រភេទ

809

តាកែវ៖សិប្បកម្មមួយកន្លែង នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវមានគំនិតច្នៃប្រឌិត ដោយយកផលិតផល និងកាកសំណល់ពីផ្លែដូង មកកែច្នៃជា ផលិតផលនំចំណី ស្បែកជើង និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀតទៅតាមតម្រូវការអ្នកប្រើប្រាស់។

ក្នុងគោលបំណងចូលរួមលើកកម្ពស់ផលិតផលផ្លែដូងខ្មែរ និងដោយសារផ្លែដូង ជាអត្តសញ្ញាណរបស់ខេត្តតាកែវផងនោះ សិប្បករមួយរូបសម្រេចបង្កើតមណ្ឌលសិប្បកម្មដូងតាកែវ ដើម្បីទាញយកផលប្រយោជន៍ពីទឹកដូង សាច់ដូង និងកាកសំណល់ពីផ្លែដូង មានស្រកីដូង និងត្រឡោកដូង កែច្នៃមកជាផលិតផលចំណីអាហារ និងវត្ថុប្រើប្រាស់មួយចំនួនទៀតលក់ជូនអតិថិជន និងចូលរួមលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់។

លោក មាឃ ស៊ន ប្រធានមណ្ឌលសិប្បកម្មដូងតាកែវ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះថា សិប្បកម្មដូងតាកែវ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ មានទីតាំងស្ថិតនៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមគំនិតផ្តួច ផ្តើមរបស់លោក អូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ។ លោកបន្តថា ដោយមើលឃើញអំពីគុណតម្លៃនៃផលិតផលផ្លែដូង និងជាការចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍តាមរយៈការប្រមូលទិញផ្លែដូងទុំ និងឱកាសការងារសម្រាប់យុវជន យុវនារី សរុបប្រមាណជាង៤០នាក់ ជាពិសេសជនពិការ ឱ្យមានជីវភាពល្អប្រសើនោះ ទើបសិប្បកម្មលោក ខិតខំរិះរកវិធីច្នៃផលិតផលពីផ្លែដូង រហូតសម្រេចបានជាសមិទ្ធផលជាច្រើនដូចជា សាច់ដូងផលិតជានំចំណី ប្រេងដូងជាសាប៊ូ   ត្រឡោកដូង មកកែច្នៃធ្វើជាគ្រឿងប្រើប្រាស់ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗ និងស្រកីដូង ផលិតមកជាស្បែកជើង ទ្រនាប់ចាន ទ្រនាប់កែវ កម្រាលព្រំ និងវត្ថុជាច្រើនទៀតទៅតាមតម្រូវការរបស់អតិថិជន។

លោកបន្តថា សមិទ្ធផល ដែលបានកែច្នៃពីធម្មជាតិនេះមិនមានផលប៉ះពាល់ដល់សុខភាព ហើយបានបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ទៀតផង។

ផ្លែដូងមួយមុខហ្នឹងយើងកែច្នៃ ទាំងអស់តែម្តង តាំងពីសាច់ដូងយើងយកទៅធ្វើជាស្ករគ្រាប់ដូង ធ្វើប្រេងដូង ធ្វើសាប៊ូនិងលលាដ៍ដូងយើងច្នៃទៅជាគ្រឿងអលង្ការ ឬបន្តោងសោ ហើយកាកដូងយើងយកភាគរយនៃកាកដូង ទៅកិនជាម្សៅ ដើម្បីធ្វើនំនិងធ្វើមីដែរ ហើយក្រោយមកយើងមានសំបកដូងឬហៅថាស្រកីដូង ដែលយើងវ៉ៃវាបានពីរផ្នែក ផ្នែកទីមួយយើងអាចប្រើប្រាស់វាគឺយកទៅលាយជាមួយជីកសិកម្មវាមានគុណភាពល្អ និងមួយផ្នែកទៀតសសៃរបស់វាយើងយកទៅរៀបចំជាផ្ទាំង បន្ទាប់មកយើងយកផ្ទាំង ដែលបានរៀបចំហ្នឹងមកកាត់ដេរតាមវត្ថុប្រើប្រាស់ផ្សេងៗ ដែលយើងគិតថាអាចធ្វើអ្វីកើត កាត់ទៅជាស្បែកជើង កម្រាលជូតជើង កម្រាលចាន ទ្រនាប់កែវ ឬកម្រាលព្រំផ្សេងនិយាយរួមទៅតាមតម្រូវការតែម្តង។

សូមជម្រាបថា សិប្បកម្មដូងតាកែវ ត្រូវបានបង្កើតតាំងពីឆ្នាំ២០១៦មក ដែលផ្ដួចផ្ដើមដោយលោកអូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ មានទីតាំងស្ថិតនៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ សិប្បកម្មនេះបានផ្តល់អត្ថប្រយោជន៍ច្រើន ទាំងការបង្កើតឱកាសការងារក្នុងសហគមន៍ អាចរកប្រាក់កម្រៃបន្ថែមមួយកម្រិតទៀតជួយជីវភាព ជាពិសេសការចូលរួមលើកកម្ពស់ផលិតផលខ្មែរជាដើម។បើសិនអតិថិជនមានបំណងចង់បានស្បែកជើង ឬគ្រឿងទ្រនាប់ផ្សេងៗកែច្នៃពីស្រកីដូងសូមទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ 010 956 250៕

ប្រភព៖ក្រសួងព័ត៌មាន