មន្ត្រីចម្រុះឆ្មក់បង្ក្រាបគ្រឿងក្នុងជ្រូកល្មើសច្បាប់ប្រមាណ10តោន នាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

284

បន្ទាយមានជ័យ៖ មន្ត្រីចម្រុះឆ្មក់បង្ក្រាបគ្រឿងក្នុងជ្រូកល្មើសច្បាប់ប្រមាណ10តោន នាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដឹកតាមរថយន្តធនធំរបស់ថៃ នៅព្រឹកថ្ងៃទី14 ខែកក្កដា ឆ្នាំ2021 នៅចំណុចស្តង់ត្រី ក្រោយអគារផ្កាយ3 ក្នុងភូមិក្បាលស្ពាន1 សង្កាត់.ក្រុងប៉ោយប៉ែត។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាលសត្វ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា កម្លាំងរបស់លោក សហការគ្នាជាមួយនគរបាលប្រឆាំងសេដ្ឋកិច្ចបទល្មើសខេត្ត កម្លាំងជលផលខេត្ត បានបង្ក្រាបផលិតផលសត្វ សាច់ជ្រូក84កេស  និងមានសាច់មាន់ ឆ្អឹងមាន់ ជាច្រើនទៀត សរុបទំងន់ប្រហែល10តោន។

លោក ហ៊ុយ ទូច បញ្ជាក់ថា ផលិតផលសាច់ជ្រូក ដែលមន្ត្រីជំនាញធ្វើការបង្ក្រាបនេះ ទី1 គឺពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងអគ្គនាយកដ្ឋានទេ ហើយមួយវិញទៀត ទាក់ទងទៅនឹកការដឹកជញ្ជូនគឺមិនត្រឹមត្រូវតាមបទដ្ឋានគតិយុគ នៃច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ  ការដឹកខុសលក្ខណៈបច្ចេកទេសនៃការវិញខ្ចប់នេះហើយ ដែលធ្វើឲ្យផលិតផលទាំងនេះ ខូចគុណភាព ប៉ះពាល់សុខភាពប្រជាពលរដ្ឋយកទៅទទួលទាន។

លោក ហ៊ុយ ទូច បញ្ជាក់ថា ផលិតផលគ្រឿងក្នុងជ្រូក ឆ្អឹងមាន់ ទាំងនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ  គឺប្រមូលយកទៅដុតកម្ទេចចោល ដោយមិនមានលើកលែងនោះទេ។ ប៉ុន្តែមុនដុតកម្ទេចចោលត្រូវយកសំណាកមកវិភាគរកសារធាតុគីមីដែលបំផ្លាញសុខភាព ជាមុនសិនផងដែរ បន្ទាប់មករៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការនីតិវិធីផងដែរ

ពាក់ព័ន្ធនិងបញ្ហានេះ មហាជនងឿងឆ្ងល់ថា ហេតុអ្វីបទល្មើសខាងលើនេះ អាចនាំចូលបានទាំងរថយន្តធំៗតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានយ៉ាងរលូនទៅវិញ ខណៈមានមន្ត្រីនគរបាលអន្តោរប្រវេសន៍នៅប្រចាំការផង ហើយ អាចឆ្លងកាត់មន្ត្រីការរិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែតប្រចាំការនៅទីនោះថែមទៀត៕