មន្រ្តីជាន់ខ្ពស់សុខាភិបាល បន្តឱ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ការចម្លងនៃរីវុសកូវីដ-១៩ ខណៈ ដែលវីរុសនេះអាចនឹងរំកិលហួសបន្ទាត់ក្រហម

279

MC៖ មន្រ្តីជាន់ខ្ពស់សុខាភិបាល បន្តឱ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ការចម្លងនៃរីវុសកូវីដ-១៩ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាម ពាក្យស្លោកដែលថា រៀនរស់ នៅធម្មតាជាមួយវីរុសកូវីដ ១៩ តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ ១៩ខណៈដែលវីរុស នេះអាចនឹងរំកិលហួសបន្ទាត់ក្រហម ។

លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេស បានមានប្រសាសន៍ថ្លែងប្រាប់អ្នកសារព័ត៌មានថា ការឆ្លងបន្តគ្នាពីបុគ្គល មួយទៅបុគ្គលមួយ ជាការព្រួយបារម្ភខ្លាំងមែនទែន ហើយប្រសិនបើបុគ្គលនិងក្រុមគ្រួសារ មិនមានការទទួលខុសត្រូវផ្ទាល់ខ្លួនឬគ្រួសារឱ្យបានច្បាស់លាស់នោះទេ ការឆ្លងរាលដាលវានឹងនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ។

លោកជំទាវបន្តថា នៅពេលដែលការឆ្លងមានការកើនឡើងច្រើន ការស្លាប់ក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ ។ បន្ថែមពីនោះទៀត អ្វីដែលសំខាន់បំផុតការអនុវត្តន៍នូវវិធានការមិនមែនប្រើប្រាស់ឱសថ បើមិនអនុវត្តវិធានការនេះឱ្យបានហ្មត់ចត់ទេនោះ ការចម្លងគឺវាកាន់តែ កើនទៅយើងនឹងអាចរំកិលស្ថានភាពនេះហួសពីបន្ទាត់ក្រហម ។

សំឡេង « ខ្ញុំសូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋគាត់ងាក មានចំណាប់អារម្មណ៍ខ្ពស់ យកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាពខ្លួនឯង សុខភាពក្រុមគ្រួសារ ហើយចូលរួមអនុវត្តឱ្យបានសស្រាក់សស្រាំ នូវចំណុចវិធានការសំខាន់ៗ ៣កុំនិង៣ការពារនេះឯង ដែលត្រូវអនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុត ហើយទីតាំងមួយចំនួនជាទីតាំងប្រមូលផ្តុំនូវមនុស្សច្រើននេះ ក៏មិនត្រូវបើកប្រតិបត្តិការនោះទេ ហើយប្អូនយើងក៏ត្រូវតែយល់ថាប្រសិនបើយើងទៅកាន់ទីនោះ នឹងបង្កហានិភ័យខ្ពស់ ណាស់សម្រាប់ប្អូនក្នុងការចម្លងវីរុសកូវីដ១៩ អ៊ីចឹងយើងមិនត្រូវទៅទីតាំងដែលបិទជិតៗនោះទេ » ។

លោកជំទាវវជ្ជបណ្ឌិត បន្ថែមទៀតថា ប្រជាពលរដ្ឋត្រូវបន្តចូលរួមអនុវត្តកាត់បន្ថយការធ្វើដំណើរ ប្រសិនបើមិនមាន ការចាំបាច់ទេ គឺយើងមិនគួរនឹងធ្វើដំណើរទៅទីនេះទីនោះ ដែលយើងមិនដឹងពិតប្រាកដនោះទេ។

លោកជំទាវវេជ្ជបណ្ឌិត សូមឱ្យប្រជាពលរដ្ឋចូលរួមសស្រាក់សស្រាំក្នុងការអនុវត្តវិធានការដាក់ចេញដោយអជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រសួងសុខាភិបាល ហើយការដែលចូលរួមវិធានការបានត្រឹមត្រូវនេះ ជាចំណែកមួយក្នុងការ បង្រ្កាបនិងការទាញថយក្រោយនៃល្បឿននៃការចម្លងវីរុសកូវីដ១៩ ទន្ទឹមនិងនោះសូមឱ្យទីតាំងមុននឹងបើកដំណើរការនេះ ត្រូវពិចារណាឱ្យបានហ្មត់ចត់ ត្រៀមលក្ខណៈក្នុងការការពាររួចរាល់មុននឹងបើកដំណើរការទីតាំងរបស់ខ្លួន ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៦៣,៦១៥ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៥,៣៦៥ នាក់ និងអ្នកស្លាប់ចំនួន ៩៨៦ ៕

ប្រភព៖ក្រសួងព័ត៌មាន