អាជ្ញាធរស្រុក សម្រេចបិទផ្សារពីរ នៅស្រុកវ៉ារិន ខេត្ដសៀមរាប ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១១ករណីនៅខាងមុខផ្សារទាំងនោះ !

309

សៀមរាប៖ អាជ្ញាធរស្រុកវ៉ារិន ខេត្ដសៀមរាប បានសម្រេចបិទការចេញចូលផ្សារចំនួន២ នៅឃុំស្រែណូយ ស្រុកវ៉ារិន ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញប្រជាពលរដ្ឋដែលរស់នៅខាងមុខផ្សារនេះចំនួន ១១នាក់ មានឆ្លងមេរោគកូវីដ-១៩។

លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន បានអោយដឹងថា នៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះថា ប្រជាពលរដ្ឋ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១១នាក់នោះ ពួកគាត់បានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ជាអ្នកលក់ផ្លែឈើមកពីទីរួមខេត្ដសៀមរាប ប្រហែលជិត១០ថ្ងៃមុន។ លោកបានបន្ដថា ប្រជាពលរដ្ឋចំនួន ២១នាក់ មានការសង្ស័យឆ្លងមេរោគនោះ ទើបនៅព្រឹកថ្ងៃទី១៩នេះ អាជ្ញាធរបានធ្វើតេស្ដពួកគាត់ចំនួន២១នាក់ ជាលទ្ធផលរកឃើញមេរោគកូវីដ-១៩ចំនួន ១១នាក់ ក្នុងចំណោម ២១នាក់នោះ។ លោកបានបន្ដថា ប្រជាពលរដ្ឋចំនួន ១១នាក់ ដែលមានវិជ្ជមានកូវីដ-១៩នេះ ស្ថិតនៅខាងមុខផ្សារស្រែណូយ ទើបអាជ្ញាធរបានសម្រេចបិទផ្សារស្រែណូយ និងផ្សារឯកជនមួយទៀតនៅក្បែនោះ ជាបណ្តោះអាសន្ន ព្រោះអ្នកទាំងនោះបានជាប់ពាក់ព័ន្ធនឹងជីវករលក់ដូរនៅផ្សារទាំងពីរនោះ ដោយចាប់ពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ។ លោកបានបន្ដទៀតថា ការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១១ករណីនេះ អាចជាប់ពាក់ព័ន្ធជាមួយអាជីវករ ក៏ដូចប្រជាពលរដ្ឋជាច្រើនទៀត ខណ:ដែលនៅតំបន់នោះជាទីប្រជុំជនផ្សារ ហើយអ្នកវិជ្ជមានកូវីដ-១៩ ក៏បានចេញចូលផ្សារនោះផងដែរ។ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករនៅផ្សារទាំង២ ដែលមានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានទាំង ១១នាក់នេះ និងមានការសង្ស័យពីអាការ:មិនស្រួល សូមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ ជាមួយអាជ្ញាធរ ហើយត្រូវធ្វើចត្ដាឡីស័ក ឱ្យបាន១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខភិបាល ក៏ដូចជាអាជ្ញាធរខេត្តផងដែរ។

លោក ធិននី វីធូរ បានបន្ថែមថា ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភ:នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរស្រុកវ៉ារិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១៨នាក់ ហើយខ្លះកំពុងសម្រាក់ព្យាបាល និងមួយចំនួនទៀតបានជាសះស្បើយ។ជាមួយគ្នានោះ លោកអះអាងថា ក្រោយពីបានរកឃើញវិជ្ជមានកូវីដ-១៩ ទៅលើប្រជាពលរដ្ឋជាបន្ដបន្ទាប់នេះ អាជ្ញាធរស្រុក បានស្នើទៅថ្នាក់លើ យកសាលារៀនវិទ្យាល័យស្រែណូ ក្នុងឃុំស្រែណូយ ធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ផងដែរ៕

ប្រភព៖ក្រសួងព័ត៌មាន