អន្តរជាតិក៖ រដ្ឋធានីញូវដេលី្លនិងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់នៃទីក្រុងបុមបៃរបស់ប្រទេសឥណ្ឌា ត្រូវបានជន់លិច ដោយមានភ្លៀងធ្លាក់ យ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទ ហើយមានមនុស្សយ៉ាងតិច៣៥ នាក់បានស្លាប់នៅទូទាំងប្រទេស ក្នុងការបាក់ដីនិងបាក់រលំផ្ទះ ដែលបណ្តាលមកពី ភ្លៀងធ្លាក់ខ្លាំង។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ថ្ងៃទី២០ ខែកក្កដា។ នាយកដ្ឋានឧតុនិយមប្រទេសឥណ្ឌា (IMD) បានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសឥណ្ឌា រួមទាំងទីក្រុងញូវដេលី្លក្នុងរយៈពេលពីរថ្ងៃខាងមុខទៀត។ នៅទីក្រុងបុមបៃ នាយកដ្ឋានឧតុនិយម IMD បានប្រកាសអាសន្នពីភ្លៀងនិងផ្គររន្ទះសម្រាប់ទីក្រុងនិងស្រុកជុំវិញនោះ។ យ៉ាងហោចណាស់មនុស្ស ៣០ នាក់ត្រូវបានស្លាប់កាលពីថ្ងៃអាទិត្យនៅជាយក្រុង Mumbai ហើយ ៣ នាក់ទៀតបានស្លាប់ នៅពេលផ្ទះជាច្រើនបានដួលរលំនៅក្នុងការបាក់ដីបន្ទាប់ពីភ្លៀង។ ទីភ្នាក់ងារដៃគូរបស់ព័ត៌មាន Reuters ឈ្មោះ ANI បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់ផងដែរនៅពេលផ្ទះមួយបានដួលរលំនៅភាគខាងជើងនៃរដ្ឋ Uttarakhand បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយនៅល្ងាចថ្ងៃអាទិត្យ អគារកម្ពស់ ៣ ជាន់បានដួលរលំនៅទីក្រុង Gurugram ជាប់ព្រំប្រទល់ដេលី្ល។ មនុស្សពីរនាក់បានស្លាប់ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅឡើយ៕
ប្រភព៖ក្រសួងព័ត៌មាន