កម្ពុជា មានវត្តមានមេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ

348

មេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ ត្រូវបានកត់ត្រានៅក្នុងប្រទេសកម្ពុជា បើតាមការឱ្យដឹងរបស់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសនៃសប្តាហ៍ជាតិនៃមេអំបៅខ្មោច ដែលបានចាប់ពីផ្តើមពីថ្ងៃទី១៧ ខែកក្កដាមក។

យោងតាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ មេអំបៅធម្មតា និងមេអំបៅខ្មោច ស្ថិតនៅក្នុងលំដាប់ថ្នាក់សត្វល្អិតដែលមានក្រឡាស្លាបរាងដូចស្រកា (Lepidoptera- meaning scale wing)។ យ៉ាងណាក៏ដោយ មនុស្សជាច្រើននៅជុំវិញពិភពលោកចាប់អារម្មណ៍តែចំពោះមេអំបៅធម្មតា ហើយខ្លាចមេអំបៅខ្មោចទៅវិញ។ មេអំបៅធម្មតា និងមេអំបៅខ្មោចមានតួនាទីសំខាន់ដូចគ្នានៅក្នុងស្ថានប្រព័ន្ធរបស់យើង។

ដោយមេអំបៅខ្មោចមានចំនួនប្រភេទច្រើនលើសលប់ជាងមេអំបៅធម្មតា (រាប់តាមលំដាប់ថ្នាក់ មានរហូតដល់ទៅ ៨៩-៩៤%) ពួកវាសមនឹងទទួលបាននូវការស្រលាញ់ពេញចិត្តពីយើងដូចគ្នា។

មេអំបៅខ្មោចត្រូវបានគេទទួលស្គាល់ថាជាភ្នាក់ងារដំណើរលំអងដ៏មានសារៈសំខាន់ និងជាប្រភពប្រូតេអ៊ីនដែលមានប្រយោជន៍ចំពោះសត្វជាច្រើនដូចជា ថលជលិក (សន្ដានកង្កែប) សន្ដានប្រចៀវ និងបក្សីសត្វ។ ការសិក្សាមួយបានបង្ហាញថា តាមកំណត់ត្រាសម្គាល់ បក្សីមួយក្បាលស៊ីដង្កូវមេអំបៅខ្មោចរហូតដល់ទៅហាសិបពាន់លាន (៥០ ០០០ ០០០ ០០០) ក្បាលក្នុងមួយឆ្នាំ។

ខណៈដែលទីជម្រករបស់វាមានការរេចរឹល ការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត និងការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ចម្បងចំពោះចំនួនមេអំបៅខ្មោចទាំងនោះ។

ការប្រើប្រាស់អំពូលអគ្គិសនីសិប្បនិម្មិតពេលយប់ កំពុងរួមចំណែកដល់ការរុះរោយលំអង។ អំពូលអគ្គិសនីតាមដងផ្លូវទាក់ទាញមេអំបៅខ្មោច ពន្យារពេលរបស់ពួកវា កាត់បន្ថយពេលស្វែងរកចំណី ស៊ីចំណី និងការធ្វើដំណើរលំអង។ បញ្ហានេះអាចជះឥទ្ធិពលមិនល្អដល់ប្រភេទមេអំបៅខ្មោចនាពេលអនាគត ដោយសារតែដំណើរស្វាហាប់ដ៏សំខាន់របស់វាមានការខ្ជះខ្ជាយ ហើយប្រភពចំណីកាន់តែខ្វះខាតដោយសារការបាត់បង់ទីជម្រកផង។ ពេលស្វែងរកចំណីគឺមានតម្លៃណាស់ មិនមែនជាការឈ្លក់វង្វេងនឹងពន្លឺភ្លើងអំពូលអគ្គិសនីសិប្បនិម្មិតដែលគ្មានប្រយោជន៍ចំពោះពួកវានោះទេ។

ដោយសារមេអំបៅខ្មោចត្រូវបានគេរកឃើញនៅតាមទីជម្រកផ្សេងៗគ្នាជាច្រើន ពួកវាបានក្លាយជាប្រភេទសត្វល្អិតដ៏មានសារៈសំខាន់ចំពោះសូចនាករស្រាវជ្រាវ ដោយសារតែភាពប្រែប្រួលរបស់វាទៅនឹងការផ្លាស់ប្តូរបរិស្ថាន។

ការពិនិត្យមើលនូវចំនួន និងរប៉ាយរស់នៅរបស់ពួកវា បានជួយផ្តល់នូវតម្រុយសំខាន់ៗចំពោះការផ្លាស់ប្តូរនៅក្នុងបរិស្ថានរបស់យើងមានដូចជា ផលប៉ះពាល់ពីបច្ចេកទេសកសិកម្មទំនើបបែបថ្មី ការបំពុលខ្យល់ និងការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ ក្រសួងព័ត៌មាន