ក្រុមមន្ត្រីឧទ្យានុរក្ស ជួរភ្នំក្រវាញជួយសង្គ្រោះអណ្តើកសោម ៥ ក្បាល និងសត្វជាច្រើនប្រភេទទៀត

433

ក្រុមមន្ត្រីឧទ្យានុរក្សនៅតំបន់ជួរភ្នំក្រវាញបានជួយសង្គ្រោះសត្វអណ្តើកសោមឈ្មោល ចំនួន ៥ ក្បាល និងសត្វកន្ធាយអាស៊ីចំនួន ៣ ក្បាល សត្វកន្រ្តង ៣ក្បាល និងសត្វអន្សង ១ក្បាលផងដែរ។ នេះតាមការបញ្ជាក់ឱ្យដឹងរបស់ អង្គការសម្ពន្ធសត្វព្រៃ Wildlife Alliance cambodai  នៅ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ។

បើតាមការបញ្ជាក់របស់អង្គការសម្ពន្ធសត្វព្រៃបានឱ្យដឹងថា នេះជាសំណាងល្អ ដែល​សត្វទាំងអស់នេះមិនមានរងរបួសអ្វីទាំងអស់ ហើយមន្រ្តីឧទ្យានុរក្សបាន​ដោះលែង​ពួកវាទៅក្នុងព្រៃវិញ។

ប្រភេទសត្វទាំងនេះត្រូវបានការពារនៅក្នុងប្រទេសកម្ពុជា ហើយជនប្រមាញ់សត្វ តាមប្រមាញ់រកប្រភេទសត្វល្មូនបែបនេះ សម្រាប់ធ្វើជាអាហារ និងការជួញដូរសត្វ​ចិញ្ចឹម​ខុសច្បាប់។ អណ្តើកទាំងនេះមានសំណាងណាស់ កាលពីឆ្នាំមុន មន្រ្តីឧទ្យានុរក្សបាន​រឹប អូស​សត្វអណ្តើកនិងសត្វកន្ធាយសរុបចំនួន ៩២ ក្បាល រួមទាំងប្រភេទសត្វដែល​ជិត​ផុត​​ពូជផងដែរ។  ក្រៅពីមន្រ្តីឧទ្យានុរក្សដែលជួយសង្គ្រោះសត្វអណ្តើក នៅមានក្រុម​អនុវត្តន៍​ច្បាប់ប្រឆាំងបទល្មើសសត្វព្រៃ និងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ទៀតផងដែរ ដែលបានរឹប អូសសត្វអណ្តើក និង កន្ធាយចំនួន ២៦២ ក្បាលកាលពីឆ្នាំមុន។

អង្គការសម្ពន្ធសត្វព្រៃក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឬប្រសិនបើប្រទះ ឃើញ មានការដាក់លក់សត្វព្រៃ ឬត្រូវបានរក្សាទុកជាសត្វចិញ្ចឹម រួមទាំងសត្វអណ្តើក ផងដែរ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទបន្ទាន់របស់ក្រុមប្រឆាំងបទល្មើសសត្វព្រៃ តាមរយៈហ្វេសប៊ុក ឬទូរស័ព្ទលេខ ០១២ ៥០០ ០៩៤។ ជាមួយគ្នានេះ អង្គការសម្ពន្ធសត្វ​ព្រៃ​ ក៏សូមអរគុណចំពោះបងប្អូនដែលបានជួយការពារសត្វព្រៃនៅកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន