កសិករខេត្តត្បូងឃ្មុំរីករាយក្រោយទទួលបានពូជត្រីទីឡាព្យាក្រហមនិងបច្ចេកទេសចិញ្ចឹមពីក្រសួងកសិកម្ម

321

ត្បូងឃ្មុំ៖ កសិករខេត្តត្បូងឃ្មុំបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីទទួលបានកូនត្រីទីឡាព្យាក្រហមចំនួន៧០០០ ក្បាលនិងបច្ចេកទេសចិញ្ចឹមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹង នេសាទ កាលពីថ្មីៗនេះដើម្បីបង្កើនស្តុកមច្ឆជាតិឱ្យកើនឡើងសម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ចន អិល កសិកររស់នៅភូមិតាមាឃចាស់ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំបានឱ្យដឹងថា បន្ទាប់ពីទទួលបានបច្ចេកទេសចិញ្ចឹមនិងពូជត្រីទីឡាព្យាក្រហមពីក្រសួងកសិកម្ម ក៏ដូចជាការបណ្តុះបណ្តាលពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំរួចមក ធ្វើឱ្យលោកមានបទពិសោធន៍និងមុខរបរថ្មី លើការងារចិញ្ចឹមត្រីនេះ ខណៈដែលចិញ្ចឹមត្រីតាមបែបធម្មជាតិងាយស្រួល ចិញ្ចឹមចំណាយទុនតិចចំណេញច្រើននិងមានតម្រូវ ការទីផ្សារផងដែរ។

លោកបានរៀបចំស្រះទំហំ ៣០ម៉ែត្រx៨០ម៉ែត្រប្រហែលជាង២០០០ម៉ែត្រក្រឡានិងដាក់កូនត្រីទីឡាព្យាក្រហមចំនួន៧០០០ក្បាលដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងនេសាទ រួមទាំងទទួលបានការណែនាំពីមន្ទីរកសិកម្មខេត្តជាច្រើនដូចជា របៀបរៀបចំស្បៃព័ទ្ធជុំវិញស្រះ ការពារកុំឱ្យត្រីព្រៃ ពស់ កង្កែបចូលក្នុងស្រះស៊ីកូនត្រី រៀបចំបង្កើតប្លង់ រៀបចំទីតាំងចិញ្ចឹមត្រីក្នុងស្រះ ដើម្បីទទួលបានជោគជ័យលើការចិញ្ចឹមផងដែរ។

«ខ្ញុំសប្បាយចិត្តណាស់ព្រោះជីវភាពកំពុងខ្វះផងពេលដែលឯកឧត្តមបាន ឱ្យកូនត្រីផងនិងការណែនាំពីមន្ទីរផងអ៊ីចឹងមានអារម្មណ៍សប្បាយណាស់ទោះបីវាមិន ទាន់ជោគជ័យ ប៉ុន្តែយ៉ាងណាក៏មានអារម្មណ៍សប្បាយនៅ ពេលដែលមានមុខរបរផ្ទាល់ ខ្លួន»។

លោកបញ្ជាក់ថា រហូតមក ទល់នឹងពេលនេះ មានរយៈ ពេលជាងកន្លះខែហើយ ដែលលោកទទួលបានពូជត្រីហើយការលូតលាស់របស់វាល្អប្រសើរមិនមានបញ្ហាប្រឈមនោះឡើយ។ លោកសង្ឃឹមថា រយៈ៦ខែតទៅមុខទៀត ក្រោយប្រមូលផលត្រី វានឹងជួយសម្រួលជីវភាពលោកបានមួយកម្រិត ខណ:ដែលត្រីប្រភេទនេះលោកឱ្យចំណីបែបធម្មជាតិដូចជាកន្ទក់ និងត្រកួនហើយមានតម្លៃសមរម្យដោយក្នុង១គីឡូក្រាម ១២០០០រៀលនិងមានតម្រូវការច្រើនពីអ្នកបរិភោគ៕

ប្រភព៖ ក្រសួងព័ត៌មាន