(ព្រះសីហនុ)៖ ទូកដឹកបន្លែមួយគ្រឿងបានឆេះយ៉ាងសន្ធោសន្ធៅនៅលើផ្ទៃសមុទ្រកោះរ៉ុង បណ្តាលឲ្យស្លាប់ម្នាក់ ខណៈ ១០នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះទាន់ពេល។ ហេតុការណ៍ដ៏តក់ស្លុតនេះ កើតឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មានថា នៅវេលាម៉ោង ១០៖២០នាទីព្រឹកមិញ ស្ថិតនៅចំណុចចន្លោះពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ទៅផែ៥២ សង្កាត់១ ក្រុងព្រះសីហនុ មានករណីឆេះទូកដឹកបន្លែចំនួន ០១គ្រឿង ដែលមានម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ករណីនេះបណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ហ៊ីង ស្រស់ អាយុ ៥០ឆ្នាំ បានស្លាប់បាត់បង់ជីវិត ខណៈ១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល តែក្នុងចំណោមនោះ មានមនុស្ស ០៦នាក់ បានរងបួសធ្ងន់ ផងដែរ។
បើតាមការបំភ្លឺរបស់អ្នកបើកទូក នៅលើទូករបស់ខ្លួនមានដឹកមនុស្សចំនួន ១១នាក់ (ស្រី០៥នាក់) បានចេញដំណើរពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ទៅផែ៥២ លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រេង ប៉ះនឹងបំពង់ស៊ីម៉ាំងម៉ាស៊ីនទូក បណ្តាលឲ្យមានភ្លើងឆាបឆេះយ៉ាងខ្លាំងមិនអាចពន្លត់បាន រួចលិចតែម្តង ៕