ក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសាររបស់ប្រទេសឥណ្ឌាបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣០ ០៩៣នាក់ក្នុងរយៈពេលមួយថ្ងៃ ដែលជាចំនួនឆ្លងថ្មីទាបបំផុតក្នុងរយៈពេលជាង ១២០ថ្ងៃកន្លងមកនេះ (ចាប់តាំងពីថ្ងៃទី ១៧ ខែមីនា នៅពេលដែលមានករណីឆ្លងថ្មីចំនួន ២៨ ០៩៣នាក់)។ ក្រសួងនេះបានរាយការណ៍កាលពីថ្ងៃអង្គារនៅលើគេហទំព័ររបស់ខ្លួនថា ចំនួនករណីជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ៣១ ១៧៤ ៣២២នាក់។
ចំនួនអ្នកស្លាប់ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ មាន ៣៧៤នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងៅ។ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនេះ គឺជាចំនួនទាបបំផុតចាប់តាំងពីថ្ងៃទី ៣១ ខែមីនាមក នៅពេលដែលមានមនុស្សស្លាប់ចំនួន ៣៥៤នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះកើនដល់ ៤១៤ ៤៨២នាក់។
ប្រទេសឥណ្ឌាស្ថិតនៅលំដាប់ទី ៣ នៅលើពិភពលោកទាក់ទងនឹងចំនួនករណីសរុបនៃជំងឺកូវីដ-១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងលំដាប់ទី ៣ ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។
កាលពីចុងខែធ្នូ ឆ្នាំ ២០១៩ មន្ត្រីចិនបានជូនដំណឹងដល់អង្គការសុខភាពពិភពលោក (WHO) អំពីការផ្ទុះឡើងនៃជំងឺរលាកសួតធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីក្រុងវូហាននៅភាគកណ្តាលប្រទេសចិន។ ចាប់តាំងពីពេលនោះមក ករណីនៃមេរោគឆ្លងកូរ៉ូណាវីរុសដែលត្រូវបានដាក់ឈ្មោះថា កូវីដ-១៩ ដោយអង្គការសុខភាពពិភពលោក ត្រូវបានគេរាយការណ៍នៅគ្រប់តំបន់ទាំងអស់នៃពិភពលោក ដែលរួមទាំងប្រទេសរុស្ស៊ីផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន