ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកាមរីមួយគ្រឿងបោះពួយលឿនដូចហោះ ជ្រុលចង្កូតទៅបុកជញ្ជាំងរីឯរថយន្តខូចខាតស្ទើរទាំងស្រុងចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោលសូន្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ២០ នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ២០១១ កែងនឹងផ្លូវ ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរស ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត កាមេរី មួយគ្រឿងពណ៌ស ពាក់ស្លាកលេខបាត់ដំបង2C-9199ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូងឆ្ពោះទៅទិសខាងកើត បើកបរក្នុងល្បឿនលឿនដូចហោះ លុះដល់ចំណុចកើតហេតុខាងលើបួងចង្កូតបត់មិនទាន់ជ្រុលទៅជញ្ជាំងពេញទំហឹងបណ្ដាលឱ្យរថយន្តរងការខូចខាតស្ទើរទាំងស្រុងចំណែកម្ចាស់រថយន្តក៏គេចខ្លួនបាត់ស្រមោលសូន្យបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលសែនសុខរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់។
រាយការណ៍ដោយ-P.23