បុរសម្នាក់បើករថយន្តល្មើសនិងភ្លើងសញ្ញាជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយរងការខូចខាតយ៉ាងដំណំ…

229

ភ្នំពេញ: បុរសម្នាក់បើករថយន្តកាមេរីមួយគ្រឿងជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រីឯម្ចាស់កង់បីរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩.៤៥ នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IA-5896ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកាមេរីមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2BG-1758បើកបរដោយបុរសម្នាក់ធ្វើដំណើរមកបញ្ច្រាស់ទិសគ្នាបំពានភ្លើងសញ្ញាស្តុបក៏បុកជាមួយម៉ូតូកង់បីផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបែកចង្កៀងខាងមុខនិងកំពិតកាងខាងស្តាំរងការខូចខាតរីឯម្ចាស់កង់បីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយដោយភាគីទាំងពីរសុំធ្វើការសម្របសម្រួលគ្នា តែដោយសារភាគីទាំងពីរសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋានក៏ទំនាក់ទំនងទៅខាងមន្ត្រីជំនាញមកយករថយន្តនិងវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។

រាយការណ៍ដោយ-P.23